ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងពីតារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ជាក់ថាតារាកំប្លែងនាយ តាក់ស៊ី កំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យដោយសារតែជំងឺទឹកនោមផ្អែមធ្វើឱ្យខូចក្រលៀននិងត្រូវលាងឈាម៣ដងក្នុងមួយសប្តាហ៍ពេញមួយជីវិតឬត្រូវប្តូរក្រលៀនថ្មី។ បន្ថែមពីលើជំងឺនេះ នាយតាក់ស៊ី ក៏មានជំងឺទឹកដក់ក្នុងសួតទៀត។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សាវិន ហ្វីលីព បានបង្ហោះរូប៤សន្លឹកកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដោយបញ្ជាក់យ៉ាងដូច្នេះថា «នាយ តាក់ស៊ី អាយុ៤៥ឆ្នាំកំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែមធ្វើឱ្យខូចក្រលៀន»។
លោក សាវិន ហ្វីលីព បានបញ្ជាក់ទៀតថាវេជ្ជបណ្ឌិតបានប្រាប់ថាពេលនេះនាយតាក់ស៊ីមានជម្រើសចុងក្រោយពីរគឺទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដង និងជម្រើសទី២គឺត្រូវតែធ្វើការវះកាត់ប្ដូរក្រលៀនថ្មី។ តារាសម្តែងជើងចាស់រូបនេះបានបញ្ជាក់នៅរសៀលថ្ងៃដដែលទៀតថាតារាកំប្លែងរូបនេះមិនត្រឹមតែមានបញ្ហាក្រលៀនប៉ុណ្ណោះទេ ថែមទាំងមានជំងឺទឹកដក់ក្នុងសួតទៀត។
ក្រោយពីទទួលបានដំណឹងនេះទស្សនិកជនមួយចំនួនបានជូនពរទៅកាន់តារាកំប្លែងរូបនេះឱ្យឆាប់ជាសះស្បើយប៉ុន្តែមួយផ្នែកទៀតបានបង្ហាញពីចម្ងង់របស់ខ្លួនព្រោះធ្លាប់បានឃើញលោកផ្សព្វផ្សាយផលិតផលមួយអះអាងថាបានជាសះស្បើយ៨០%ទៅហើយ។
គួរបញ្ជាក់ផងដែរថា នាយតាក់ស៊ី ធ្លាប់បានទម្លាយថាមុននឹងមានជំងឺទឹកនោមផ្អែមលោកទទួលទានភេសជ្ជៈកំប៉ុងចំនួន៤កំប៉ុងក្នុង១ថ្ងៃដើម្បីឱ្យមានកម្លាំងក្នុងការបំពេញការងារសិល្បៈ៕