ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីកំពុងតែពិចារណាលើសំណើវិនិយោគស្មើទឹកប្រាក់ ១០០លានដុល្លារអាមេរិករបស់ Apple Inc បន្ទាប់ពីក្រុមហ៊ុននេះព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌូណេស៊ីឱ្យបញ្ឈប់ការហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 ។
ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបញ្ជាក់ថា បានទទួលសំណើសុំវិនិយោគសាងសង់រោងចក្រផលិតឧបករណ៍ទូរស័ព្ទរបស់ក្រុមហ៊ុន Apple ខណៈលោក Agus Gumiwang Kartasasmita រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 កាលពីខែតុលា ឆ្នាំ២០២៤ ។ យើងនឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នាពីសំណើសុំវិនិយោគរបស់ Apple ។.png)
បើតាមលោក Febri Hendri Antoni Arif មន្ត្រីនាំពាក្យក្រសួងឧស្សាហកម្ម គឺការប្រជុំលើកនេះជាសញ្ញាវិជ្ជមាន ហើយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីនឹងស្វាគមន៍ការវិនិយោគនេះ ។
ក្រុមហ៊ុន Apple បានស្នើសុំវិនិយោគនៅឥណ្ឌូណេស៊ីបន្ថែមទៀត ស្មើទឹកប្រាក់១០០លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះស្មើជិត១០ដង បើធៀបទឹកប្រាក់វិនិយោគកន្លងមករបស់ Apple ស្មើត្រឹមតែជិត១០លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារក្រុមហ៊ុនមានបំណងឱ្យឥណ្ឌូណេស៊ីឈប់ហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 របស់ខ្លួន ។ នេះបើតាមសេចក្តីរាយការណ៍របស់ Bloomberg News ។.png)
គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 ដោយសារបុគ្គលិក Apple នៅឥណ្ឌូណេស៊ី ពុំអនុវត្តតាមលក្ខខណ្ឌកំណត់ឱ្យទូរស័ព្ទស្មាតហ្វូនត្រូវតែផលិតឧបករណ៍នៅឥណ្ឌូណេស៊ី យ៉ាងហោចណាស់ ៤០% ។ យោងតាមទិន្នន័យរបស់មន្ត្រីរដ្ឋាភិបាលរកឃើញថា Apple វិនិយោគនៅឥណ្ឌូណេស៊ី ត្រឹមតែ៩៥លានដុល្លារអាមេរិក ដែលជាទឹកប្រាក់តិចជាងក្រុមហ៊ុននេះធ្លាប់សន្យា ។
ក្រៅពីនេះ ឥណ្ឌូណេស៊ីក៏បានហាមឃាត់ការលក់ទូរស័ព្ទម៉ាក Google Pixel ផងដែរ ដោយសារពុំបានវិនិយោគតាមទឹកប្រាក់កំណត់ ។ គេចាត់ទុកថា ការហាមឃាត់ការលក់ទូរស័ព្ទទាំងនេះ គឺជាវិធានការក្តៅលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី ដែលព្យាយាមដាក់សម្ពាធក្រុមហ៊ុនបរទេសឱ្យចូលមកផលិតឧបករណ៍នៅឥណ្ឌូណេស៊ីកាន់តែច្រើន ៕










