ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងគមនាគមន៍បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍នានា បញ្ចុះតម្លៃសំបុត្រយន្តហោះ៣០% ស្មើនឹង៥ម៉ឺនកៅអី សម្រាប់ឱ្យពលរដ្ឋធ្វើដំណើរកម្សាន្ត ឬទៅស្រុកកំណើតក្នុងអំឡុងពេលចូលឆ្នាំសកល ឬឆ្លងឆ្នាំ ។
លោក សុរិយ៉ាក់ ជឹងរុងរឿងកិច្ច ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ បានលើកឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា កន្លងមកថា លោកបានប្រជុំជាមួយសមាគមអាកាសចរណ៍ថៃ ដើម្បីសហការគ្នាដោះស្រាយបញ្ហាសំបុត្រយន្តហោះឡើងថ្លៃពេលបុណ្យទាន ជាពិសេស ពេលចូលឆ្នាំសកលឆាប់ៗនេះ ។ យើងចង់ឱ្យសំបុត្រយន្តហោះមានតម្លៃថោក និងសមរម្យ ដើម្បីជាកាដូចុងឆ្នាំសម្រាប់ពលរដ្ឋធ្វើដំណើរកម្សាន្តទៅកាន់ទីជិតឆ្ងាយអាចកាត់បន្ថយចំណាយ, ងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរ ។.png)
កិច្ចប្រជុំជាមួយសមាគមអាកាសចរណ៍ថៃ រួមមាន ៖ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways, Thai AirAsia, Nok Air, Thai Lion Air និង Thai Vietjet Air ។ លទ្ធផលកិច្ចប្រជុំ គឺក្រសួងគមនាគមន៍ និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងសហការបង្កើតវិធានការលក់សំបុត្រយន្តហោះតម្លៃពិសេស ។
យើងនឹងផ្តល់ជូនសំបុត្រយន្តហោះតម្លៃថោកសរុបចំនួន៥ម៉ឺនសំបុត្រ សម្រាប់ការធ្វើដំណើរចេញពីទីក្រុងបាងកក ទៅកាន់បណ្តាខេត្ត-ក្រុងនានា ។ វាជាការបើកឱកាសឱ្យពលរដ្ឋថៃធ្វើដំណើរកម្សាន្តពេលចូលឆ្នាំសកល ឬឆ្លងឆ្នាំ (គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥) ជាមួយការបញ្ចុះតម្លៃសំបុត្រយន្តហោះ៣០% ខណៈកន្លងមក តម្លៃសំបុត្របានកើនឡើងខ្ពស់ពេលមានបុណ្យទានម្តងៗ ។

លោក សុរិយ៉ាក់ បន្តទៀតថា ៖ «ក្រសួងគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជនជឿជាក់ថា វាផ្តល់ភាពងាយស្រួលដល់ពលរដ្ឋអាចទិញសំបុត្រយន្តហោះតម្លៃសមរម្យដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិ ប្រកបដោយសុវត្ថិភាពពេលឆ្លងឆ្នាំ» ។.png)
ក្រៅពីនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ និងក្រុមហ៊ុនអាកាសចរណ៍នានាគួរចាត់វិធានការបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរក្នុងឱកាសចូលឆ្នាំសកល ព្រមទាំងគ្រប់គ្រងសម្ភារៈអ្នកដំណើរ និងកំណត់ពេលវេលាបើក-បិទអាកាសយានដ្ឋានតាមបណ្តាខេត្តឱ្យច្បាស់លាស់ ។ រីឯអាជ្ញាធរអាកាសចរណ៍ស៊ីវិលត្រូវតាមដានស្ថានការណ៍ថ្លៃធ្វើដំណើរជានិច្ច ដើម្បីកុំឱ្យក្រុមហ៊ុននានាឆ្លៀតឱកាសដំឡើងថ្លៃសំបុត្រ ៕










