បន្លែគ្រប់ប្រភេទផ្តល់នូវសារធាតុចិញ្ចឹមរាងកាយយ៉ាងច្រើន សម្បូរវីតាមីន និងសារធាតុរ៉ែផ្សេងៗ ។ យើងអាចបរិភោគបន្លែស្រស់ៗមួយចំនួនបាន ប៉ុន្តែមានបន្លែ២ប្រភេទដែលអ្នកជំនាញហាមបរិភោគស្រស់ ហើយណែនាំឱ្យស្រុះមុនពេលបរិភោគ បើពុំចង់មានគ្រោះថ្នា.ក់ដល់សុខភាព ។
អ្នកជំនាញនិយាយថា គួរតែស្រុះបន្លែ២ប្រភេទនេះសិន មុនពេលយកវាទៅឆា ឬស្ល ។ បើពុំបានស្រុះបន្លែទាំងនេះទេ យើងនឹងមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដោយសារវាផ្ទុកមេរោគច្រើនធ្វើឱ្យអាហារពុល និងមានអាស៊ីត Oxalic ។
តើបន្លែទាំង២ប្រភេទនេះមានអ្វីខ្លះ?
១-សណ្តែកកួ ៖ មនុស្សភាគច្រើនតែងតែយកសណ្តែកកួមកឆាជាមួយសាច់ជ្រូក ហើយពួកគេពុំបានយកវាទៅស្រុះទឹកក្តៅជាមុនទេ ដោយសារគិតថា ការឆាសណ្តែកកួស្រស់ៗនឹងផ្តល់នូវវីតាមីនច្រើន ។ ប៉ុន្តែនេះជាការយល់ខុស ពីព្រោះបើពុំបានចម្អិនសណ្តែកកួឱ្យឆ្អិន១០០%ទេ គឺពុំអាចកម្ចាត់មេរោគបានឡើយ ។
ការបរិភោគសណ្តែកកួពុំសូវឆ្អិនល្អ វានឹងធ្វើឱ្យយើងមានអាការៈផ្សេងៗ ដូចជា ៖ ក្អួតចង្អារ និងចុកពោះ ។ ហេតុនេះ ទើបអ្នកជំនាញណែនាំឱ្យស្រុះវាជាមួយទឹកក្តៅសិន មុនពេលយកទៅឆាក្នុងខ្ទះ ឬស្ល ដើម្បីឱ្យប្រាកដចិត្តថា សណ្តែកកួឆ្អិន១០០% និងអាចការពារគ្រោះថ្នាក់សុខភាពបាន ។
២-ផ្ទី ៖ ផ្ទី គឺជាបន្លែមួយប្រភេទដែលផ្តល់នូវអាហារូបត្ថម្ភខ្ពស់ សម្បូរសារធាតុដែក ហើយយើងងាយស្រួលរកបន្លែនេះមកបរិភោគ ដោយសារវាដុះនៅជុំវិញផ្ទះ ជាពិសេស នៅតាមតំបន់ជនបទ ។ ប៉ុន្តែកុំភ្លេចថា បន្លែផ្ទីសម្បូរទៅដោយអាស៊ីត Oxalic យ៉ាងច្រើន ហើយពេលផ្សំជាមួយសារធាតុ Calcium ions វានឹងបណ្តាលឱ្យឆាប់កើតជំងឺក្រួសក្នុងតម្រងនោម ។
ហេតុនេះ វិធីល្អ និងងាយស្រួលបំផុតដើម្បីកម្ចាត់អាស៊ីត Oxalic នៅក្នុងផ្ទី គឺគួរតែយកវាទៅស្រុះជាមួយទឹកក្តៅសិន មុនពេលឆា ឬស្ល ។ អ្នកជំនាញបញ្ជាក់ថា បើអនុវត្តតាមការណែនាំខាងលើ យើងនឹងមានសុខភាពល្អ និងកាត់បន្ថយមេរោគផ្សេងៗ ។ ប៉ុន្តែមនុស្សមួយចំនួនធំនៅតែចូលចិត្តបរិភោគសណ្តែកកួឆៅ ដូចជា ៖ យកធ្វើអន្លក់ ឬបុកសណ្តែកកួ ៕