ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកបណ្តាក់ទុកវិនិយោគបង្កើតកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ។
ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តធ្វើដំណើរទស្សនកិច្ចនៅ ក្នុងទីក្រុងសៀងហៃប្រទេសចិន រយៈពេល ១សប្ដាហ៍ ឯកឧត្តមអភិបាលខេត្តតាកែវ បានបង្ហាញអំពីសក្ដានុពលសំខាន់ៗរបស់ខេត្តទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ជាពិសេសលើផ្លូវដឹកជញ្ជូនដែលខេត្តនេះមានផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវអាកាស និងផ្លូវដែក សុទ្ធសឹងតែជាសរសៃឈាមនៃមធ្យោបាយដឹកជញ្ជូន។
លើសពីនេះទៅទៀត ខេត្តនេះក៏ស្ថិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោ៥៧គីឡូម៉ែត្រផងដែរ ដូច្នេះបើចង់បង្កើតកំពង់ផែ គួរតែបង្កើតកំពង់ផែនៅខេត្តតាកែវ ព្រោះខេត្តនេះស្ថិតនៅចំកណ្តាលនៃព្រែកជីកតែម្តង។
ជាការស្នើសុំ ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើសុំរបស់ភាគីខេត្តតាកែវ ប៉ុន្តែរងចាំការចុះមកទស្សនកិច្ចសិក្សាដោយផ្ទាល់ជាមុនសិន៕