តារាម៉ូដែល Jung Ho Yeon តួឯកស្រីក្នុងរឿង «Squid Game» និងតារាសម្តែង Lee Dong Hwi បានសម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពីមានទំនាក់ទំនងចំនួន៩ឆ្នាំ។ ការបែកគ្នានេះអ្នកទាំងពីរមិនបន្ទោសភាគីណាមួយឡើយ។ ក្រោយពីទទួលដំណឹងនេះអ្នកគាំទ្រជាច្រើនបង្ហាញការសោកស្តាយចំពោះទំនាក់ទំនងពួកគេដែលត្រូវប្រេះឆាបែបនេះ។

នៅថ្ងៃទី ២៦ ខែវិច្ឆិកាតាមរយៈក្រុមហ៊ុនគ្រប់គ្រង Jung Ho Yeon បាននិយាយថានាងនិង Lee Dong Hwi បានប្តូរពីពាក្យថាគូស្នេហ៍ទៅជាមិត្តល្អនិងមិត្តរួមការងារវិញហើយពួកគេនឹងផ្តោតលើការងារដ៏មមាញឹករបស់ពួកគេ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល៩ឆ្នាំ ហើយបានប្រកាសពីទំនាក់ទំនងជាសាធារណៈក្នុងឆ្នាំ២០១៦ ។ 
អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេភ្ញាក់ផ្អើល និងសោកស្តាយចំពោះរឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូនេះ។ នៅក្នុងកម្មវិធីខែសីហា ២០២៤ តារាប្រុស Lee Dong Hwi បាននិយាយថា Jung Ho Yeon គឺជាគូស្នេហ៍ និងជាមិត្តល្អបំផុតរបស់លោក។

Jung Ho Yeon មានវ័យ ៣០ ឆ្នាំ ហើយបានចាប់ផ្តើមអាជីពរបស់នាងនៅអាយុ ១៦ ឆ្នាំក្នុងនាមជាតារាបង្ហាញម៉ូត។ នាងបានក្លាយជាមនុស្សល្បីល្បាញបន្ទាប់ពីឈ្នះរង្វាន់ទីពីរនៅ Korea’s Next Top Model 2013 ។ ទស្សនាវដ្តី Vogue Korea បានអត្ថាធិប្បាយថានាងមាន «រូបរាង និងទេពកោសល្យពីធម្មជាតិដើម្បីក្លាយជាតារាម៉ូដែលកំពូល»នៅឆ្នាំ ២០២១ តារាស្រីរូបនេះល្បីល្បាញទូទាំងពិភពលោកតាមរយៈខ្សែភាពយន្ត Squid Game ពាក់លេខ 067 ហើយនេះគឺជាការសម្តែងលើកទី១របស់នាងក្នុងអាជីពសម្តែងប៉ុន្តែជោគជ័យស្ទើរមិនគួរឱ្យជឿ។ នាងក៏ជាមិត្តភក្តិជិតស្និទ្ធជាមួយនឹង Jennie សមាជិក BLACKPINK ផងដែរ។
តារាសម្តែង Lee Dong Hwi មានវ័យ ៣៩ឆ្នាំ ដែលល្បីល្បាញសម្រាប់ខ្សែភាពយន្ត Reply 1988 និងលេចមុខនៅក្នុងកម្មវិធីជាច្រើនរបស់ទូរទស្សន៍ tvN ៕










