ក្រោយពីក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានសង្កេតមើលបរិមាណទឹកសាបនៅលើពិភពលោក តាមរយៈផ្កាយរណបរបស់អង្គការ NASA បង្ហាញថា ទឹកសាបទាំងអស់ ដូចជា ៖ ទឹកបឹង និងទន្លេ រហូតដល់ទឹកក្រោមដី គឺមានបរិមាណធ្លាក់ចុះភ្លាមៗ ចាប់ពីខែឧសភា ឆ្នាំ២០១៤ និងស្ថិតក្នុងកម្រិតទាបរហូតមក ។
ការបារម្ភអំពីការពង្រីកទីក្រុង និងវិស័យកសិកម្ម នឹងធ្វើឱ្យប្រទេសផ្សេងៗពឹងផ្អែកលើទឹកក្រោមដីកាន់តែច្រើន ហើយវាជាមូលហេតុធ្វើឱ្យទឹកសាបចាប់ផ្តើមធ្លាក់ចុះ ។ រីឯទឹកភ្លៀង និងព្រិលពុំអាចជួយអ្វីបានទេ ហើយវានឹងប៉ះពាល់ដល់កសិករ រួមទាំងសហគមន៍ផងដែរ ត្រូវជួបការលំបាកផ្សេងៗ ដូចជា ៖ ជម្លោះ, ភាពក្រីក្រ និងឆ្លងមេរោគច្រើន ដោយសារមនុស្សម្នាគ្មានជម្រើសអ្វីផ្សេងក្រៅពីការប្រើប្រាស់ទឹកមានមេរោគ ។

ការធ្លាក់ចុះរបស់បរិមាណទឹកសាបបានកើតឡើងស្របពេលសីតុណ្ហភាពលើពិភពលោក ក្តៅខ្លាំងបំផុតក្នុងរយៈពេល១០ឆ្នាំមកនេះ ហើយវានឹងកាន់តែក្តៅខ្លាំងឡើង ។ ហេតុនេះ អ្នកជំនាញសន្និដ្ឋានថា ពិភពលោកក្តៅអាចជាកត្តាមួយដែលធ្វើឱ្យបរិមាណទឹកសាបធ្លាក់ចុះជាបន្តបន្ទាប់ ។ សីតុណ្ហភាពរបស់មហាសមុទ្រក្តៅជាងមុនបានធ្វើឱ្យកើតបាតុភូតអេលនីណូ ដែលធ្វើឱ្យអាកាសធាតុ និងទឹកភ្លៀងលើពិភពលោក ប្រែប្រួលអស់ ។
.png)
ក្រៅពីនេះ ការឡើងកំដៅផែនដីបានធ្វើឱ្យបរិយាកាសរក្សាចំហាយទឹកកាន់តែច្រើន និងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងជាងមុន ។ ពេលភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ ផ្ទៃដីនឹងពោរពេញទៅដោយទឹក និងពុំអាចស្រូបយកទឹកទៅក្រោមដីបានទេ បន្ទាប់មក ទឹកភ្លៀងដែលធ្លាក់ចុះមកនឹងហួតក្លាយជាចំហាយទឹកប្រមូលផ្តុំលើបរិយាកាសដោយសារកំដៅផែនដី ។ នេះជាមូលហេតុធ្វើឱ្យប្រទេសនានាប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងបំផុត បើទោះជាទើបតែជួបខ្យល់ព្យុះធំៗក្តី ។
ទោះយ៉ាងណា ក្រុមអ្នកជំនាញពុំទាន់ជឿជាក់ថា ពិភពលោកក្តៅ គឺជាមូលហេតុតែមួយដែលធ្វើឱ្យបរិមាណទឹកសាបគ្រប់ទីកន្លែងធ្លាក់ចុះបែបនេះទេ ។ ពួកគេនឹងរង់ចាំមើលថា តើទឹកសាបទាំងអស់នឹងមានបរិមាណដូចគ្នានឹងអំឡុងពេលមុនឆ្នាំ២០១៥ ដែរឬទេ? បន្ទាប់មក អ្នកជំនាញនឹងពិចារណា ឬសាកល្បងម្តងទៀត ៕










