តារាចម្រៀងរ៉េបជប៉ុន Awich បានវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីម្តងទៀតព្រមទាំងបង្ហាញពីវប្បធម៌ខ្មែរនិងពាក្យពេចន៍ជាភាសាខ្មែរនៅលើបណ្តាញសង្គមក្រោមការស្វាគមន៍ពី វណ្ណដា និងប្អូនប្រុសកញ្ញា ឡូរ៉ា ម៉ម ។ អ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរទំនងវិលត្រឡប់សាជាថ្មី ស្របពេលមានវីដេអូរបស់ វណ្ណដា កំពុងថតបទចម្រៀងនៅទីតាំងប្រាសាទ បាយ័ន។
គេចាំបានថា វណ្ណដា បានចេញទៅច្រៀងនៅជប៉ុនលើកដំបូងក្នុងខែកក្កដា ឆ្នាំ២០២៣ បានប៉ះជាមួយតារារ៉េបដ៏ល្បី Awich ហើយតារាចម្រៀងទាំងពីររូបបានចែករំលែកពីវប្បធម៌របស់ប្រទេសទៅវិញទៅមកប្រកបដោយភាពសិទ្ធស្នាលជាមួយគ្នា។ តារាចម្រៀងទាំងពីរដួងបន្តទំនាក់ទំនងជាមួយគ្នាហើយ កាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២៣ តារាចម្រៀង Awich ក៏បានមកសម្តែងនៅលើដីប្រទេសកម្ពុជាជាលើកដំបូងក្នុងកម្មវិធីប្រលងចម្រៀងរ៉េប។
ទំនាក់ទំនងតារារ៉េបជួរមុខប្រចាំប្រទេសជប៉ុន និងតារារ៉េបជួរមុខ វណ្ណដា នៅបន្តមានទំនាក់ទំនងរហូតសម្រេចចិត្តសហការគ្នាចេញបទ «៦ Years In The Game» នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្នុងថ្ងៃខួបកំណើតរបស់ វណ្ណដា ហើយ Awich ក៏ជូនពរថ្ងៃកំណើត វណ្ណដា ឆ្លងប្រទេសជាមួយនឹងនំខួបកំណើតផងដែរ។ គិតមកទល់ពេលនេះ «៦ Years In The Game»មានការស្តាប់ជាង៨លានដង។
ទស្សនិកជនបានចាប់អារម្មណ៍ម្តងទៀតដោយថ្មីៗនេះ Awich បញ្ជាក់ថានាងស្ថិតនៅប្រទេសកម្ពុជាបង្ហាញរូបចម្លាក់របស់ខ្មែរក្រោមការទទួលស្វាគមន៍ពីប្អូនប្រុសកញ្ញា ឡូរ៉ា ម៉ម។ តារាចម្រៀងរ៉េប Awich បានបង្ហោះរូបភាពនៅលើ Story Instagram ជាមួយនឹងអក្សរខ្មែរថា «សូមអរគុណ»។ ក្នុងរូបភាពមួយទៀត អ្នកទាំងពីរបានថតជាមួយគ្នាស្របពេល វណ្ណដា បានចែករំលែកលើ Story បន្តជាមួយនឹងពាក្យថា «Welcome BACK»ជាមួយនឹងរូប Emoji Queen ។
ការបង្ហាញបែបនេះអ្នកគាំទ្រក៏ផ្តើមសង្ស័យថា អ្នកទាំងពីរទំនងជាមានបទថ្មីជាមួយគ្នាម្តងទៀត។ ទោះយ៉ាងណាការពិតដែរថា តារារ៉េបរូបនេះមកថត MV ថ្មី ឬគ្រាន់តែមកកម្សាន្ត មិនទាន់ដឹងច្បាស់នៅឡើយទេ។
ជាមួយគ្នានេះដែរ ថ្មីៗនេះអ្នកគាំទ្រក៏បានចែករំលែកវីដេអូខ្លីមួយ ដែលគេបានឃើញតារាចម្រៀងរ៉េប វណ្ណដា កំពុងតែថតMVថ្មីនៅទីតាំងប្រាសាទបាយ័នផ្ទាល់ធ្វើឱ្យហ្វេនៗរំភើបចិត្តយ៉ាងខ្លាំងព្រោះនេះជាអ្វីដែលហ្វេនៗចង់ឃើញជាយូរមកហើយ៕