កាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីអ្នកសារព័ត៌មានឈ្មោះពូហ៊ន បណ្តាញសារព័ត៌មាន KH Plus News បានធ្វើអត្ថាធិប្បាយ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ប្រមាថលើអាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីមួយកន្លែងនៅចំណុចភូមិហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមរយៈវីដេអូដែលបានឡាយផ្ទាល់ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក KH Plus News ពូហ៊ូនលើកឡើង ដោយភ្ជាប់ជាមួយខ្លឹមសារថា៖”អរគុណដល់តុលាការខេត្តកំពង់ចាមដែលការពារបន្ទប់ទឹកលើដីផ្លូវជាសាធារណៈ ហើយរំលោភលើដីបណ្ណកម្មសិទ្ធិស្របច្បាប់”។
ពាក់ព័ន្ធនឹងករណីប្រមាថ និងផ្សព្វផ្សាយព័ត៌មានមិនពិត បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ ជាបទល្មើសព្រហ្មទណ្ឌ ហេតុដូច្នេះ អយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងចាត់ វិធានការតាមផ្លូវច្បាប់ដោយម៉ឺងម៉ាត់ជាទីបំផុតទៅលើ “ពូហ៊ន”។
គួរបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រមាថស្ថាប័នអនុវត្តច្បាប់ មិនមែនជាសិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មាននោះទេ៕