ប្រទេសចិន ៖ ចិនបានរកឃើញកំណប់មាសយ៉ាងច្រើនមហាសាលនៅខេត្តហ៊ូណាន ស្មើទឹកប្រាក់រាប់លានយាន់ ។ ការរកឃើញនេះមិនត្រឹមតែអាចបំពេញតម្រូវការមាសយ៉ាងច្រើនក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញឱ្យចិនក្លាយជាប្រទេសនាំមុខផ្នែកនាំចេញមាសនៅលើពិភពលោក ផងដែរ ។
សារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការិយាល័យភូមិសាស្ត្រប្រទេសចិនបានរកឃើញកំណប់មាសក្នុងដីមានជម្រៅប្រមាណពី២,០០០ម៉ែត្រ ទៅ៣,០០០ម៉ែត្រ ស្ថិតនៅស្រុកផីងចៀង ខេត្តហ៊ូណាន ។ បើតាមការសន្និដ្ឋាន គឺនៅទីនេះ មានមាសចាប់ពី៣០០តោន ទៅជាង១,០០០តោន ស្មើទឹកប្រាក់ជាង៦សែនលានយាន់ ។
អ្នកជំនាញផ្នែករ៉ែរបស់ការិយាល័យភូមិសាស្ត្រនិយាយថា ក្រោយពីក្រុមការងារខួងថ្មចូលក្នុងដី ពួកគេក៏បានឃើញកំណប់មាសយ៉ាងច្រើនក្នុងនោះ ។ ដូចគ្នានេះ អនុប្រធានការិយាល័យភូមិសាស្ត្រប្រាប់ថា មានការយកបច្ចេកវិទ្យាស្រាវជ្រាវថ្មីមកប្រើប្រាស់ក្នុងអណ្តូងរ៉ែ «វ៉ានគូ» ហើយគេក៏បានរកឃើញមាសនៅបរិវេណជុំវិញអណ្តូងរ៉ែនេះផងដែរ ។
ការិយាល័យភូមិសាស្ត្រអះអាងថា ការរកឃើញមាសក្នុងអណ្តូងរ៉ែ «វ៉ានគូ»ខេត្តហ៊ូណាន គឺស្មើជាង៣០០តោន ក្នុងដីជម្រៅ២,០០០ម៉ែត្រ ។ លើសពីនេះ គេបានរកឃើញមាសរហូតដល់ជាង១,០០០តោន ក្នុងដីជម្រៅ៣,០០០ម៉ែត្រ ។
គួរបញ្ជាក់ថា ចិន គឺជាប្រទេសនាំចេញមាសដ៏ធំបំផុតលើពិភពលោក ហើយការទិញ-លក់មាសនៅចិន ស្មើប្រមាណ១០% នៃការទិញ-លក់មាសសរុបលើពិភពលោក កាលពីឆ្នាំ២០២៣ ។
ទោះយ៉ាងណា រយៈពេល៣ត្រីមាសដំបូងក្នុងឆ្នាំ២០២៤ តម្រូវការមាសនៅចិនស្មើរហូតដល់ ៧៤១,៧៣២តោន ខណៈចិនផលិតមាសបានតែ ២៦៨,០៦៨តោនប៉ុណ្ណោះ មានន័យថា ចិនត្រូវពឹងផ្អែកលើការនាំចូលមាសពីក្រៅប្រទេសដើម្បីបំពេញតម្រូវការក្នុងស្រុក ។ ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ តម្លៃមាសបានកើនឡើងជាបន្តបន្ទាប់ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ ៕










