តារាចម្រៀងរ៉េប ហ្សេដេស ម្ចាស់បទ «ក្រឡុក» បានចេញមុខប្រតិកម្មបេក្ខជនម្នាក់ឈ្មោះថា «LO MA»កូនក្រុមរបស់គ្រូបង្វឹក KingChi ដែលលួចយកប៉ារ៉ូលចម្រៀងលោកខំធ្វើអស់រយៈពេល៤ឆ្នាំទៅប្រកួតក្នុងកម្មវិធីរ៉េបទាំងលោកមិនអនុញ្ញាត។ ក្រោយពីរងនូវមតិពីសាធារណជននិងហ្សេដេសផ្ទាល់បេក្ខជនរូបនេះបានចេញទទួលស្គាល់កំហុសនិងសូមទោសជាសាធារណៈ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ហ្សេដេស អតីតបេក្ខជន TOP2 ក្នុងកម្មវិធី The Rapper Cambodia បានចេញមុខប្រតិកម្មបេក្ខជន LO MA ដែលជាបេក្ខជនក្នុងកម្មវិធី Rapper Fighter កូនក្រុមរបស់លោក Kingchi ។ តាមរយៈគណនីផ្ទាល់ខ្លួន ហ្សេដេស ដែលមានឈ្មោះថា Chea Bratha បានចែករំលែកវីដេអូ LOMA ប្រកួតជាមួយនឹងបេក្ខជនផ្សេងទៀតអមដោយខ្លឹមសារថា «បទដែលខ្ញុំធ្វើវាអស់ពេលជិត ៤ឆ្នាំ ត្រូវបានបុគ្គលម្នាក់នេះ LO MA បំផ្លាញ ដោយយកប៉ារ៉ូលពីបទខ្ញុំទៅដាក់ក្នុងបទប្រលងរបស់ខ្លួនឯង ធ្លាប់សុំខ្ញុំដែរ តែខ្ញុំមិនព្រម រួចក៏លួចចឹងម៉ងទៅ មែន ??? យកប៉ារ៉ូលរបស់គេទៅប្រលងចឹង គិតថាឡូយមែនប្រូ ???»។
បន្ទាប់ពីម្ចាស់បទ sidequest បញ្ចេញនូវប្រតិកម្មរបស់ខ្លួនបែបនេះអ្នកលេងបណ្តាញសង្គមបានខម្មិនថា លួចទាំងដុល យកប៉ារ៉ូលមធ្យម ងំគេថាមិននៅតែយក??បញ្ហានៅត្រង់ហ្នឹង , រៀនធ្វើខ្លួនឯងបានឆាប់ល្បីកុំចាំតែលួចរបស់គេចឹង»។ ឃើញមានការប្រតិកម្មយ៉ាងច្រើនបែបនេះបេក្ខជន LOMA បានចេញវីដេអូសូមទោសជាសាធារណៈទាំងយប់ទៅកាន់ ហ្សេដេស អមដោយខ្លឹមសារថា «
ខ្ញុំសូមធ្វើការសូមទោសទៅកាន់ zedes ចំពោះ ប៉ារ៉ូលមួយចំនួនដែលខ្ញុំបានយក មកដាក់បញ្ចូលក្នុងថ្ងៃប្រកួត ដោយមិនបានគិតវែងឆ្ងាយ ហើយសូមសូមទោសទៅដល់ អ្នកគាំទ្រដែលខ្ញុំធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្ត សូមទោស Coach King Chi និងកម្មវិធីទាំងមូលផងដែរ»។
ក្នុងវីដេអូនៃការសូមទោសរបស់កូនក្រុម Kingchi រូបគេបានបញ្ជាក់ពីប៉ារ៉ូលដែលយកទៅប្រកួតគឺឃ្លាជា«មានអ្នកខ្លះគេមើលងាយ មានអ្នកខ្លះគេពេកជ្រាយ គេដាក់ទំនាយ..» ខណៈប៉ារ៉ូល ហ្សេដេស ព្រោះគីឡូគេមើលងាយ គីឡូគេពេកជ្រាយ គេដាក់ទំនាយ…»។ បេក្ខជន រូបនេះក៏បានទទួលស្គាល់ដែរថាអ្វីដែល ហ្សេដេស និយាយគឺជាការពិតដែលថា ហ្សេដេស មិនបានអនុញ្ញាតហើយនៅតែយកមកដដែល៕