Home ព័ត៌មានអន្តរជាតិ ពិតជាអស្ចារ្យណាស់! ធ្វើដំណើរមកដល់ជប៉ុនក្នុងចម្ងាយផ្លូវជាង៤ម៉ឺនគីឡូម៉ែត្រដោយពុំជិះយន្តហោះ

ពិតជាអស្ចារ្យណាស់! ធ្វើដំណើរមកដល់ជប៉ុនក្នុងចម្ងាយផ្លូវជាង៤ម៉ឺនគីឡូម៉ែត្រដោយពុំជិះយន្តហោះ

34
0

ប្រទេសអេហ្ស៊ីប ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា យុវជនឈ្មោះ Omar Nok អ្នកធ្វើដំណើរផ្សងព្រេងនៅប្រទេសអេហ្ស៊ីប និងមានឈ្មោះល្បីល្បាញក្នុងបណ្តាញសង្គម បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនដោយជោគជ័យ ។ យុវជនរូបនេះបានកំណត់គោលដៅទៅជប៉ុនដោយពុំជិះយន្តហោះ ក្នុងចម្ងាយផ្លូវសរុប ៤៦,២៣៩គីឡូម៉ែត្រ និងចំណាយពេលអស់២៧៤ថ្ងៃ ។

លោក Omar មានអាយុ៣០ឆ្នាំ និងមានអ្នកតាមដានក្នុង Instagram រហូតដល់ជាង៧៥ម៉ឺននាក់ បានបង្ហោះរូបភាពជោគជ័យរបស់ខ្លួន ក្រោយពីបានធ្វើដំណើរឆ្លងកាត់ជាង១០ប្រទេសដើម្បីទៅដល់ជប៉ុន តាមការតាំងចិត្តដោយពុំជិះយន្តហោះ ។ លោកធ្វើដំណើរតាមរថយន្ត, ម៉ូតូ, នាវា, ជិះសត្វអូដ្ឋ និងសេះ រហូតដល់គោលដៅ បើប្រៀបធៀបជាមួយការជិះយន្តហោះពីទីក្រុងឃៃរ៉ូ ប្រទេសអេហ្ស៊ីប ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន គឺចំណាយពេលតែ១២ម៉ោងប៉ុណ្ណោះ ។

លោកបានថតរូបភាពជាបន្តបន្ទាប់ក្នុងអំឡុងពេលធ្វើដំណើរ ចាប់ពីទីក្រុងឃៃរ៉ូ រហូតដល់ទីក្រុងតូក្យូ ក្នុងចម្ងាយផ្លូវសរុប ៤៦,២៣៩គីឡូម៉ែត្រ ។ លោកប្រាប់ថា ជប៉ុន គឺជាគោលដៅឆ្ងាយបំផុតដែលលោកបានធ្វើដំណើរមកដល់ក្នុងតំបន់អាស៊ី ដោយពុំចាំបាច់ជិះយន្តហោះ ហើយលោកធ្វើដំណើរតាមនាវាមកដល់ទីក្រុង Fukuoka កាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់មក ក៏ធ្វើដំណើរមកទីក្រុងតូក្យូ ។

កន្លងមក លោកធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយក្នុងតំបន់អឺរ៉ុប និងអាមេរិក ប៉ុន្តែពុំធ្លាប់ធ្វើដំណើរឆ្ងាយបែបនេះទេ ។ ការធ្វើដំណើរថ្ងៃដំបូងពិបាកបំផុត ក្រោយពីឪពុករបស់លោកនាំមកកំពង់ផែសមុទ្រក្រហមនៅទីក្រុង Safaga ភាគខាងត្បូងអេហ្ស៊ីប ដើម្បីជិះនាវាទៅអារ៉ាប៊ីសាអូឌីត គឺលោកបារម្ភថា ពុំអាចនិយាយភាសាបរទេសបានពេលទៅដល់អាស៊ីកណ្តាល និងគ្មានភ្ញៀវទេសចរច្រើន ។ ប៉ុន្តែដោយសារការលើកទឹកចិត្តពីឪពុក លោកក៏សម្រេចចិត្តជិះនាវា និងធ្វើដំណើរបន្ត ។

លោកបានឆ្លងកាត់ Mecca ជាទីក្រុងរបស់សាសនាឥស្លាម រួចហើយធ្វើដំណើរកាត់តាមវាលខ្សាច់ប្រទេសអ៊ីរ៉ង់មកដល់រុស្ស៊ី ឆ្លងកាត់ជួរភ្នំថាជិគីស្ថាន ។ លោកបានឆ្លងកាត់តំបន់ខ្លះរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងកាហ្សាក់ស្ថាន ដោយជិះសត្វអូដ្ឋ និងសេះ ។

លោកធ្លាប់ធ្វើការផ្នែកវិភាគហិរញ្ញវត្ថុរបស់ Amazon ប្រទេសអាល្លឺម៉ង់ និងលុចសំបួរ ហើយលោកបានចាយវាយប្រាក់សន្សំសម្រាប់ការធ្វើដំណើរលើកនេះ ។ លោកបានចំណាយប្រាក់ចំនួន២៥ដុល្លារអាមេរិកក្នុង១ថ្ងៃ រីឯការធ្វើដំណើរកាត់តាមប្រទេសអាហ្វហ្គានីស្ថាន មានរយៈពេល២សប្តាហ៍ គឺចំណាយប្រាក់អស់តែ៨៨ដុល្លារប៉ុណ្ណោះ ។

ការធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយនេះ លោកពុំអារម្មណ៍ពីគ្រោះថ្នាក់ទេ ពីព្រោះតែងតែមានមនុស្សពុំស្គាល់គ្នាជួយជានិច្ច ។ ពួកគេចិត្តល្អ ហើយលោកមានទំនុកចិត្តថា សន្តិភាពនឹងកើតឡើងនៅលើពិភពលោក ៕