ប្រទេសទួរគី៖ កាហ្វេកប់ក្នុងខ្សាច់ក្តៅរបស់ប្រទេសទួរគីគឺមានប្រវត្តិយូរលង់ណាស់មកហើយ ដោយបច្ចុប្បន្នវប្បធម៌ និងប្រពៃណីកាហ្វេនេះត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
កាហ្វេកប់ក្នុងខ្សាច់ក្តៅមានដើមកំណើតនៅក្នុងវប្បធម៌អូតូម៉ង់ប្រហែលសតវត្សទី ១៤ ចាប់តាំងពីសម័យអូតូម៉ង់មក ស្តេច និងពួកអភិជនបានសុំឱ្យអ្នកបំរើរបស់ពួកគេ ធ្វើកាហ្វេក្នុងខ្សាច់ក្តៅ ដោយសារកាលពីជំនាន់មុនកាហ្វេនេះបម្រើសម្រាប់ស្តេច និងអភិជនប៉ុណ្ណោះ។
ទោះជាយ៉ាងណាបច្ចុប្បន្នកាហ្វេនេះគឺបម្រើគ្រប់ជាតិសាសន៍ ហើយវាមានការពេញនិយមខ្លាំងណាស់ ជាពិសេសគឺនៅពេលអាហារថ្ងៃត្រង់ ឬបន្ទាប់ពីអាហារពេលល្ងាចរួច។ លោក Osman ម្ចាស់ហាងកាហ្វេក្នុងសង្កាត់ Fatih ក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បាននិយាយថា កាហ្វេខ្សាច់ត្រូវបានដាក់លក់តាំងពីព្រឹកដល់យប់ ក្នុងតម្លៃជាង ៣ ដុល្លារអាមេរិកសម្រាប់មួយពែង ដោយបម្រើជាមួយម៉ាស្មេឡូ ហើយជារៀងរាល់ថ្ងៃលោកលក់កាហ្វេខ្សាច់អស់ជាង ៤០០ ពែងឯណោះ។ .png)
អ្នកទេសចរម្នាក់បាននិយាយថា កាហ្វេខ្សាច់ទួរគីគឺមានរសជាតិឆ្ងាញ់ប្លែកខុសពីកាហ្វេទូទៅ ជាមួយពណ៌ត្នោតស្រាល កាហ្វេនេះជាចំណង់ចំណូលចិត្តរបស់មនុស្សដែលចូលចិត្តកាហ្វេបែបស្រាល។ កាហ្វេខ្សាច់មានភាពងាយស្រួលក្នុងការស្វែងរកនៅតាមដងផ្លូវនៃទីក្រុង Istalbul ជាពិសេសនៅតំបន់ Taksim ដែលជាកន្លែងភ្ជាប់ផ្លូវដើរជាមួយនឹងហាងជាច្រើន តូបលក់អាហារ ហាងកាហ្វេ ឬនៅក្នុងសណ្ឋាគារ។

គួរបញ្ជាក់ដែរថា កាហ្វេកប់ក្នុងខ្សាច់ក្តៅរបស់ប្រទេសទួរគីធ្វើឡើងពីម្សៅកាហ្វេ ហើយដាក់ចូលទៅក្នុងដែក “cezve” បន្ទាប់មកដាក់ដែកនោះនៅក្នុងថាសខ្សាច់ក្តៅលើភ្លើង ឬចង្ក្រានអគ្គិសនីនៅកម្តៅ ១៨០ អង្សាសេ។ នៅពេលដែលកាហ្វេឆ្អិន និងពុះ វានឹងត្រូវចាក់ចូលទៅក្នុងពែងតូចមួយសម្រាប់ភ្ញៀវ ដើម្បីទទួលបានរសជាតិដ៏សម្បូរបែប៕










