សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ដែលហោះហើរចេញពីទីក្រុង Fort Lauderdale រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Port-au-Prince ប្រទេសហៃទី ត្រូវបានបា.ញ់ប្រ.ហារ ដោយក្រុមអនាមិកពេលយន្តហោះកំពុងចុះចត ដែលបណ្តាលឱ្យបុគ្គលិកអាកាសចរណ៍ម្នាក់រងរបួស ។
ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines លើកឡើងថា យន្តហោះនេះបានផ្លាស់ប្តូរទិសដៅទៅកាន់សាធារណរដ្ឋដូមីនិក កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងមក ក្រោយរងការបាញ់ប្រហារពីជនមិនស្គាល់មុខ ។ ក្រោយត្រួតពិនិត្យឃើញថា យន្តហោះបានរងការខូចខាតដោយសារគ្រាប់កាំភ្លើង ។ ហេតុការណ៍ដ៏រន្ធត់នេះបណ្តាលឱ្យបុគ្គលិកអាកាសចរណ៍ម្នាក់រងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ 
រីឯអ្នកដំណើរនៅលើយន្តហោះគ្មានអ្នកណាម្នាក់រងរបួសទេ ។ ក្រុមហ៊ុនអាកាសចរណ៍នឹងផ្អាកការហោះហើរទៅប្រទេសហៃទី រហូតដល់ស្ថានការណ៍ធូរស្រាលវិញ ហើយក្រុមហ៊ុនបានឱ្យអ្នកដំណើរជិះយន្តហោះ១គ្រឿងទៀតត្រឡប់ទៅរដ្ឋផ្លរីដា និងប្តូរគោលដៅទៅសាធារណរដ្ឋដូមីនិក ។ តាមការចែកចាយរូបភាពក្នុងបណ្តាញសង្គម គេបានឃើញស្នាមគ្រាប់កាំភ្លើងជាច្រើននៅបរិវេណកៅអីដែលបុគ្គលិកអាកាសចរណ៍អង្គុយពេលយន្តហោះឡើង និងចុះចត ។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ American Airlines លើកឡើងថា ក្រុមហ៊ុននឹងផ្អាកការហោះហើរពីទីក្រុង Miami រដ្ឋផ្លរីដា ទៅកាន់ទីក្រុង Port-au-Prince ប្រទេសហៃទីដូចគ្នា ហើយក្រុមហ៊ុននឹងតាមដានស្ថានការណ៍យ៉ាងដិតដល់, ផ្តល់សុវត្ថិភាពដល់អ្នកដំណើរជាចម្បង និងកែតម្រូវការហោះហើរតាមការចាំបាច់ ។ រីឯគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue បញ្ជាក់ថា ក្រុមហ៊ុនក៏ផ្អាកការហោះហើរទៅប្រទេសហៃទីដែរ ដោយសារអសន្តិសុខផ្នែកនយោបាយ ។
.png)
គួរបញ្ជាក់ថា ក្រុមប្រដាប់អាវុធនៅប្រទេសហៃទីបានកាន់កាប់តំបន់ជាច្រើន និងបាញ់យន្តហោះជាច្រើនលើក ស្របពេលនាយករដ្ឋមន្ត្រីថ្មី ទើបឡើងកាន់តំណែង ។ ក្រុមប្រដាប់អាវុធបានបិទផ្លូវធ្វើដំណើរចេញ-ចូលទីក្រុង Port-au-Prince ព្រមទាំងបិទកំពង់ផែ និងអាកាសយានដ្ឋាន ដែលធ្វើឱ្យប្រទេសហៃទីនៅជាប់សមុទ្រ Caribbean កាន់តែមានអសន្តិសុខខ្លាំងឡើង ៕.png)










