ប្រទេសអាល្លឺម៉ង់ ៖ អាកាសយានដ្ឋាន Frankfurt ដ៏ធំបំផុតនៅប្រទេសអាល្លឺម៉ង់ បានសាកល្បងធ្វើផ្លូវ Runway ថ្មីពីវត្ថុធាតុដើមធម្មជាតិផ្សំពីសំបកគ្រាប់ស្វាយចន្ទី និងអះអាងថា វាមានភាពរឹងមាំល្អជាងកៅស៊ូធ្វើផ្លូវធម្មតា រហូតដល់១០ដង ។ បើការសាកល្បងនេះទទួលបានជោគជ័យ អាកាសយានដ្ឋាននឹងធ្វើផ្លូវ Runway ថ្មីពីសំបកគ្រាប់ស្វាយចន្ទីទាំងអស់ ។.png)
ជាទូទៅ កៅស៊ូសម្រាប់ធ្វើផ្លូវត្រូវបានផលិតឡើងពីកំទេចថ្ម, គ្រួស និងខ្សាច់ ផ្សំជាមួយសារធាតុ Bitumen ពណ៌ខ្មៅ ដែលបានមកពីការកែច្នៃប្រេងឆៅ ។ នៅក្នុងសារធាតុ Bitumen មានភាគល្អិតរឹងដូចម្សៅ Asphaltenes និង Maltenes មានសភាពរាវ ដែលជួយឱ្យសារធាតុ Bitumen អាចបត់បែនបាន និងជាប់ជាមួយសារធាតុផ្សេងៗ ។
ក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ B2 SQUARE បានបង្កើតការច្នៃប្រឌិតមួយហៅថា BioBitumen តាមរយៈវិធីថ្មី ដែលអាចបំបែកសារធាតុ Asphaltenes និង Maltenes ឱ្យចេញពីគ្នា ។ បន្ទាប់មក ក្រុមហ៊ុនក៏យកសារធាតុផ្សេងមកផ្សំជំនួសវិញ ដូចជា ៖ សំបកគ្រាប់ស្វាយចន្ទី ។
ការជ្រើសយកសំបកគ្រាប់ស្វាយចន្ទីសម្រាប់ធ្វើផ្លូវ Runway នេះ ដោយសារវាមានភាពធន់ និងអាចកាត់បន្ថយបរិមាណកាបូនឌីអុកស៊ីត ។ ពេលដើមស្វាយចន្ទីលូតលាស់ វានឹងស្រូបយកកាបូនឌីអុកស៊ីត ហើយសំបកគ្រាប់ស្វាយចន្ទីបានរក្សាទុកកាបូនឌីអុកស៊ីត ប៉ុន្តែកាបូនឌីអុកស៊ីតនឹងត្រូវបន្សាបដោយបច្ចេកទេសពិសេសរបស់ក្រុមហ៊ុន មុនពេលយកវាទៅធ្វើគ្រឿងផ្សំ ។
នាយកគម្រោងសេវាកម្មអាកាសយានដ្ឋាន Frankfurt និយាយថា ផ្លូវ Runway ថ្មីក្នុងអាកាសយានដ្ឋាន នឹងរឹងមាំជាងផ្លូវ Runway ទូទៅ រហូតដល់១០ដង ។ បច្ចុប្បន្ន អាកាសយានដ្ឋានបានសាកល្បងធ្វើផ្លូវ Runway ប្រវែង២០០ម៉ែត្រ គឺផ្នែកម្ខាងនៃផ្លូវក្រាលដោយកៅស៊ូផ្សំពីសំបកគ្រាប់ស្វាយចន្ទី និងផ្នែកម្ខាងទៀតក្រាលដោយកៅស៊ូធម្មតា ដើម្បីប្រៀបធៀបគុណភាពកៅស៊ូទាំង២ប្រភេទ ។.jpg)
បើការសាកល្បងនេះទទួលបានជោគជ័យ អាកាសយានដ្ឋាន Frankfurt នឹងធ្វើផ្លូវ Runway ពីកៅស៊ូផ្សំពីសំបកគ្រាប់ស្វាយចន្ទីទាំងអស់ ។ អាកាសយានដ្ឋានបានកំណត់គោលដៅបំភាយកាបូនឌីអុកស៊ីតស្មើសូន្យ នៅឆ្នាំ២០៤៥ ៕










