ប្រទេសចិន៖ ទុរេនគឺជាផ្លែឈើមួយប្រភេទដែលប្រជាជនចិនភាគច្រើនចូលចិត្តបំផុតដោយសារតែវាមានរសជាតិឆ្ងាញ់ ផ្អែមមុត និងក្លិនឈ្ងុយ ធ្វើឱ្យហាងមួយចំនួនយកផ្លែនេះមកធ្វើជាភីហ្សា កំពុងទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គម។

លោក Joey Wat នាយកប្រតិបត្តិ Yum China ដែលជាក្រុមហ៊ុនភោជនីយដ្ឋានអាហាររហ័សចិនបាននិយាយថា ភីហ្សាទុរេនរបស់ខ្លួន បច្ចុប្បន្នគឺបានជាប់ចំណាត់ថ្នាក់លេខ ១ ក្លាយជាភីហ្សាលំដាប់កំពូលទូទាំងប្រទេសហើយ ដូច្នេះគិតមកដល់ពេលនេះ យើងលក់ភីហ្សាទុរេនបានជិត ៣០ លាន ដោយរកចំណូលបានរាប់ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនគឺបានក្លាយជាអ្នកប្រើប្រាស់ទុរេននាំមុខគេនៅអាស៊ី និងជាប្រទេសនាំចូលទុរេនធំជាងគេលើពិភពលោក ដោយបាននាំចូលទុរេនចំនួន ១.៤ លានតោនក្នុងឆ្នាំ ២០២៣ ដោយប្រទេសនេះបានបង្កើតនូវការកើនឡើង ៤០០% នៃតម្រូវការទុរេនទូទាំងពិភពលោក។ ទុរេនត្រូវបានគេចាត់ទុកថាជាអាហារប្រណីតនៅក្នុងប្រទេសចិន ដោយសារមនុស្សភាគច្រើននៅទីនោះពួកគេចូលចិត្តញ៉ាំផ្លែទុរេនណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏មានមនុស្សមួយចំនួនតូចមិនចូលចិត្តផ្លែនេះដែរ។
គួរបញ្ជាក់ដែរថា ភីហ្សាទុរេនមិនមែនជាម៉ឺនុយថ្មីនោះទេ ក្រុមហ៊ុន Yum China បានដាក់លក់ភីហ្សាទុរេនតាំងពីប្រាំបីឆ្នាំមុនមកម្លេះ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៣ ពួកគេបាននិយាយថា ម៉ឺនុយនេះបាននាំមកនូវប្រាក់ចំណូលយ៉ាងហោចណាស់ ១០០ លានដុល្លារចាប់តាំងពីពេលនោះមក។ កាលពីខែសីហា ប៊ឺហ្គឺសាច់គោដែលធ្វើពីម្សៅភីហ្សាដាក់ជាមួយទុរេន និងម្នាស់ក៏បានបង្ហាញខ្លួននៅលើមុខម្ហូប Pizza Hut នៅក្នុងប្រទេសចិនផងដែរ ហើយក្រុមហ៊ុនបាននិយាយថាវាលក់អស់យ៉ាងឆាប់រហ័សបន្ទាប់ពីការចេញលក់មានកំណត់។.png)
ក្រុមហ៊ុនបច្ចុប្បន្នកំពុងព្យាយាមយ៉ាងសកម្មក្នុងការពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ថ្នាក់កណ្តាលរបស់ប្រទេស ដោយបានសាងសង់ហាង KFC និង Pizza Hut ថ្មីជិត ១,៧០០ នៅឆ្នាំ ២០២៣ និងគ្រោងបើកហាងបន្ថែមទៀតពី ១,៥០០ ទៅ ១,៧០០ នៅឆ្នាំក្រោយនេះ៕










