Home ព័ត៌មានអន្តរជាតិ ត្រីរាប់ពាន់ក្បាលលោតពេញទឹកសមុទ្រ ពលរដ្ឋហ្វីលីពីនបារម្ភពីគ្រោះធម្មជាតិ​

ត្រីរាប់ពាន់ក្បាលលោតពេញទឹកសមុទ្រ ពលរដ្ឋហ្វីលីពីនបារម្ភពីគ្រោះធម្មជាតិ​

82
0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ត្រីរាប់ពាន់ក្បាលបានលោតពេញទឹកសមុទ្រព្រមៗគ្នានៅប្រទេសហ្វីលីពីន ហើយពលរដ្ឋក៏នាំគ្នាមកចាប់ត្រីច្រកស្បោងយកទៅបរិភោគ ។ ប៉ុន្តែពលរដ្ឋខ្លះទៀតបែរជាបារម្ភពីគ្រោះធម្មជាតិអាចនឹងកើតឡើងនៅប្រទេសហ្វីលីពីន នាពេលឆាប់ៗ ។

ក្នុងវីដេអូ គេបានឃើញត្រីតូចៗរាប់ពាន់ក្បាលនៅកោះសេប៊ូ (Cebu) លោតពេញទឹកសមុទ្រ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋហ្វីលីពីន និងភ្ញៀវទេសចរ ។ អ្នកខ្លះបានរត់ទៅចាប់ត្រីក្នុងទឹក និងត្រីលើឆ្នេរសមុទ្រដែលត្រូវទឹករលកបោក ខណៈអ្នកខ្លះទៀតប្រើប្រាស់ឧបករណ៍ផ្សេងៗចាប់ត្រីយ៉ាងសប្បាយរីករាយ ។

ពលរដ្ឋរស់នៅក្នុងតំបន់និយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រប់គ្នាសប្បាយចិត្តណាស់ ដែលបានចាប់ត្រីយកទៅធ្វើម្ហូប ដោយពួកគេចាប់ត្រីបណ្តើរ ស្រែកហ៊ោបណ្តើរពេញឆ្នេរសមុទ្រ ។ ប៉ុន្តែអ្នកខ្លះទៀតបែរជាបារម្ភពីហេតុការណ៍នេះអាចកើតគ្រោះធម្មជាតិនៅលើពិភពលោក ឬជាប្រផ្នូលប្រាប់ពីហេតុការណ៍មិនល្អ ។

អ្នកជំនាញនិយាយថា គ្មានអ្វីត្រូវបារម្ភឡើយ ពីព្រោះវាតែងតែកើតឡើងតាមធម្មជាតិ ដោយសារការផ្លាស់ប្តូរអាកាសធាតុក្នុងសមុទ្រ ដូចជា ៖ ការផ្លាស់ប្តូរសីតុណ្ហភាព និងទិសដៅរលកសមុទ្រ ។ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ទើបតែមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងក្លា ហើយរលកសមុទ្រមានកម្លាំងខ្លាំង ឬទឹកសមុទ្រកើនឡើងខ្ពស់ ទើបរុញហ្វូងត្រីទាំងនេះមកកាន់ឆ្នេរសមុទ្រ ។ ពេលខ្លះ ត្រីនឹងជាប់ក្នុងទឹករាក់ ឬត្រូវរលកសមុទ្ររុញមកលើឆ្នេរខ្សាច់ ។

គួរបញ្ជាក់ថា ពលរដ្ឋហ្វីលីពីនហៅត្រីតូចៗទាំងនេះថា «Lupoy» ដែលតែងតែរស់នៅជាហ្វូងក្នុងសមុទ្រភាគខាងលិចប្រទេសហ្វីលីពីន ។ ក្រៅពីនេះ វាក៏បានរស់នៅកន្លែងផ្សេងទៀតផងដែរ ដែលភ្ញៀវទេសចរចូលចិត្តមកជ្រមុជទឹក ៕