ប្រទេសឥណ្ឌា ៖ អ្នកលេងបណ្តាញសង្គមបរទេសបានចែកចាយវីដេអូមួយយ៉ាងច្រើន នាដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលក្នុងវីដេអូ គេឃើញពលរដ្ឋឥណ្ឌាជាច្រើននាក់នាំគ្នាឈរតម្រង់ជួររង់ចាំផឹកទឹកចេញពីរូបចម្លាក់សត្វដំរីនៅលើជញ្ជាំងវត្តមួយកន្លែង ។ ពួកគេមានជំនឿថា វាជាទឹកស័ក្តិសិទ្ធិ ឬទឹកមន្ត ផឹកហើយនាំមកនូវសិរីសួស្តី និងសេចក្តីសុខ ប៉ុន្តែពេលដឹងពីប្រភពទឹកក៏ស្រឡាំងកាំងគ្រប់គ្នា ។
វីដេអូផឹកទឹកស័ក្តិសិទ្ធិនេះ គឺថតនៅវត្តឈ្មោះ «បាំងគេ ភិហារិ» ក្នុងទីក្រុង Vrindavan រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ។ មនុស្សម្នាជាច្រើនបានយកដៃត្រងទឹកផឹក រីឯអ្នកខ្លះទៀតយកកែវក្រដាសមកត្រងទឹក ដោយសារជឿថា វាជាទឹកស័ក្តិសិទ្ធិចេញពីរូបចម្លាក់ដំរីលើជញ្ជាំងវត្ត ។ លើសពីនេះ អ្នកមានជំនឿខ្លាំងថែមទាំងបានលើកដៃសំពះ រួចហើយយកទឹកមកស្រោចលើក្បាលរបស់ខ្លួន ដោយពួកគេអះអាងថា ទឹកនេះហូរពីជើងព្រះក្នុងវត្ត ។
នៅពេលវីដេអូនេះល្បីល្បាញខ្លាំងពេញបណ្តាញសង្គម ក៏មានសំណួរជាច្រើនសួរពាក់ព័ន្ធនឹងបញ្ហាអនាម័យ ព្រមទាំងប្រភពទឹកហូរពីណា ។ អ្នកផឹកទឹកមួយចំនួនធំស្រឡាំងកាំង ក្រោយពីក្រុមអ្នកមើលការខុសត្រូវវត្តនិយាយថា ពលរដ្ឋគួរឈប់ផឹកទឹកនេះទៅ ពីព្រោះវាពុំមែនជាទឹកស័ក្តិសិទ្ធិអ្វីទេ គឺគ្រាន់តែជាទឹកហូរចេញពីម៉ាស៊ីនត្រជាក់ក្នុងវត្ត ។ រីឯការផឹកទឹកស័ក្តិសិទ្ធិ ពុំមែនចេះតែផឹកស្រួលៗឡើយ គឺទាល់តែទៅផឹកក្នុងវត្ត ។

ប៉ុន្តែអ្នកមានជំនឿខ្លាំងពុំជឿតាមការលើកឡើងរបស់ក្រុមមើលការខុសត្រូវវត្តទេ ហើយពួកគេនៅតែអះអាងថា វាជាទឹកមន្តរបស់ទេវតា ។ អ្នកមានជំនឿខ្លាំងម្នាក់និយាយថា ៖ «វាជាទឹកមន្តពិតមែន ពីព្រោះយើងបានប្រព្រឹត្តតែអំពើល្អ ទើបទេវតាប្រទានទឹកនេះឱ្យយើងផឹក» ។
ចំណែកអ្នកលេងបណ្តាញសង្គមលើកឡើងថា ភាពល្ងង់ខ្លៅរបស់មនុស្សមួយចំនួនកាន់តែខ្លាំងឡើងហើយ ចេះតែជឿតាមគ្នាគ្មានពិចារណា បើទោះជាដឹងការពិតក្តី ។ ប៉ុន្តែមតិផ្សេងទៀតបាននិយាយពីការផឹកទឹកនេះ គឺដោយសារពួកគេមានជំនឿងុបងល់ និងពុំបានគិតវែងឆ្ងាយ ។ ពលរដ្ឋឥណ្ឌានៅមានជំនឿជាច្រើនទៀតខុសពីពលរដ្ឋដទៃ ហើយយើងពិបាកហាមឃាត់ពួកគេណាស់ ៕