ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនមួយនៅប្រទេសអង់គ្លេសបានប្រកាសលក់ដបទទេ គ្មានអ្វីសោះនៅផ្នែកខាងក្នុង ស្មើតម្លៃជាង៩០ដុល្លារអាមេរិក ប៉ុន្តែក្រុមហ៊ុននេះអះអាងថា ពួកគេបានច្រកខ្យល់អាកាសបរិសុទ្ធបំផុតនៅឆ្នេរសមុទ្រ និងតំបន់ស្ងប់ស្ងាត់ចូលក្នុងដប ។ នៅលើគំរបដបសរសេរថា «Coast Capture Air» រីឯតម្លៃវិញ គឺអាស្រ័យលើទំហំដប ។
ការប្រកាសលក់ខ្យល់បរិសុទ្ធច្រកដបនេះ ក្រោយពីមនុស្សជាច្រើនចាប់ផ្តើមបារម្ភពីបរិយាកាសកខ្វក់កើតឡើងនៅទូទាំងពិភពលោក ទើបក្រុមហ៊ុនអង់គ្លេសសម្រេចចិត្តច្រកខ្យល់បរិសុទ្ធនៅឆ្នេរសមុទ្រចូលដប ដើម្បីលក់ឱ្យអ្នកត្រូវការស្រូបខ្យល់អាកាសបរិសុទ្ធ ។ ដបកខ្យល់បរិសុទ្ធនៅឆ្នេរសមុទ្រ ទំហំតូចស្មើ៥០មីល្លីលីត្រ គឺក្រុមហ៊ុនលក់ក្នុងតម្លៃជាង៧ដុល្លារអាមេរិក ។
ដកខ្យល់បរិសុទ្ធម៉ាក Coast Capture Air ពុំមែនជាម៉ាកដំបូងគេទេ ពីព្រោះកន្លងមក ក៏មានក្រុមហ៊ុនផ្សេងទៀតលក់ខ្យល់បរិសុទ្ធដែរ ។ ប៉ុន្តែខ្យល់បរិសុទ្ធម៉ាក Coast Capture Air មានតម្លៃខ្ពស់ជាងម៉ាកផ្សេងៗ ដូចជា ៖ ដបខ្យល់បរិសុទ្ធពីឆ្នេរសមុទ្រ ទំហំ៥០០មីល្លីលីត្រ មានតម្លៃ៧៥ដុល្លារអាមេរិក រីឯដបទំហំ៧០០មីល្លីលីត្រ មានតម្លៃរហូតដល់ជាង៩០ដុល្លារអាមេរិក ។
ក្រុមហ៊ុនលក់ដបខ្យល់បរិសុទ្ធនិយាយថា ដបនីមួយៗបានបង្ហាញពីម៉ាករបស់ក្រុមហ៊ុន និងត្រូវបានច្រកខ្យល់បរិសុទ្ធបញ្ជូនពីឆ្នេរសមុទ្រដោយផ្ទាល់ ដែលស្ថិតនៅតំបន់ជនបទ គ្មានជាតិពុលពីគ្រឿងម៉ាស៊ីន ។ លើសពីនេះ សុទ្ធតែជាឆ្នេរសមុទ្រនៅឆ្ងាយៗ និងពិបាកធ្វើដំណើរទៅលេង ទើបធ្វើឱ្យខ្យល់ដែលក្រុមហ៊ុនលក់នេះពោរពេញទៅដោយគុណភាព និងមានតម្លៃខ្ពស់ ។
ក្រុមហ៊ុនបានធ្វើដំណើរទៅកាន់កោះ និងតំបន់ស្រស់ស្អាតតាមធម្មជាតិនានា ដើម្បីប្រមូលខ្យល់បរិសុទ្ធច្រកដប ហើយក្រុមហ៊ុនបានប្រើប្រាស់ឧបករណ៍វាស់ស្ទង់ខ្យល់ក្នុងដបដើម្បីឱ្យប្រាកដចិត្តថា ជាខ្យល់បរិសុទ្ធពិតប្រាកដ ។ ក្រុមហ៊ុនក៏បានណែនាំអតិថិជនពីវិធីប្រើប្រាស់ដបខ្យល់ ចំនួន១០ចំណុច រួមមាន ៖
១-រកកន្លែងស្ងប់ស្ងាត់បំផុត និងគ្មានការរំខាន
២-ញឺសសំបោរចេញពីច្រមុះ
៣-កាន់ដបខ្យល់បរិសុទ្ធដោយដៃទាំង២យ៉ាងផ្ចិតផ្ចង់ ដើម្បីឱ្យដឹងពីទម្ងន់ដប
៤-មុនបើកគំរបដប ត្រូវដកដង្ហើមចេញ-ចូលតាមធម្មតា
៥-ព្យាយាមដកដង្ហើមចេញឱ្យយូរដើម្បីជំរុញប្រព័ន្ធប្រសាទ
៦-បើកគំរបដប រួចហើយស្រូបខ្យល់បរិសុទ្ធយឺតៗ និងបិទភ្នែក
៧-ក្រោយការដកដង្ហើមចេញ-ចូល ត្រូវប្រញាប់បិទគំរបដបវិញ កុំឱ្យខ្យល់បរិសុទ្ធចេញក្រៅ
៨-ស្រូបយកខ្យល់បរិសុទ្ធឱ្យពេញសួតលើកចុងក្រោយ
៩-សង្កេតខ្លួនឯងថា មានអារម្មណ៍ស្ងប់កម្រិតណា
១០-អាចធ្វើបែបនេះឡើងវិញបាន បើចង់ស្រូបខ្យល់បរិសុទ្ធ ។
ក្រៅពីនេះ ក្រុមហ៊ុនក៏បានណែនាំឱ្យអតិថិជនបើកសំឡេងទឹករលកសមុទ្រផងដែរ ក្នុងពេលស្រូបខ្យល់បរិសុទ្ធពីក្នុងដប ដើម្បីឱ្យមានអារម្មណ៍ថា កំពុងតែស្ថិតនៅឆ្នេរសមុទ្រពិតៗ ៕










