វិថីតេជោសន្តិភាពឆ្នេរអង្កោល ដែលសាងសង់ប្របតាមមាត់សមុទ្រនៅក្នុងខេត្តកែប គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។
វិថីនេះតភ្ជាប់ពីកំពង់ផែទេសចរណ៍កោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ភ្ជាប់ជាមួយផ្លូវជាតិលេខ ១៣៣២ វិថីនេះមានប្រវែងជាង ១២គីឡូម៉ែត្រ។
វិថីតេជោសន្ដិភាពឆ្នេរអង្កោល សាងសង់ឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក។
ក្រោយសាងសង់រួច វិថីនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ក្នុងការតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែលអាចបញ្ជៀសការកកស្ទះរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែបបានផងដែរ។
គួរបញ្ជាក់ថា ឆ្នេរអង្កោល មានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកែប៕










