អំបិល គឺជាគ្រឿងផ្សំយ៉ាងសំខាន់នៅក្នុងផ្ទះបាយ ហើយអំបិលភាគច្រើនដែលយើងធ្លាប់ស្គាល់ ជាអំបិលសមុទ្រ ។ បច្ចុប្បន្ន មានអំបិលមួយប្រភេទទៀតទទួលបានការពេញនិយមពីអ្នកស្រឡាញ់សុខភាព គឺអំបិលហិម៉ាល័យ (ឬអំបិលពណ៌ផ្កាឈូក) ដោយសារវាមានសារធាតុចិញ្ចឹមច្រើនជាងអំបិលធម្មតា ។.png)
តើអំបិលពណ៌ផ្កាឈូកនៅភ្នំហិម៉ាល័យខុសប្លែកពីអំបិលធម្មតាដូចម្តេចខ្លះ? ហេតុអ្វីអំបិលពណ៌ផ្កាឈូកមានតម្លៃថ្លៃជាងអំបិលធម្មតា?
អំបិលពណ៌ផ្កាឈូកល្បីល្បាញយ៉ាងខ្លាំងលើពិភពលោកសម្រាប់ធ្វើជាគ្រឿងផ្សំអាហារ ដោយសារវាផ្តល់នូវអាហារូបត្ថម្ភច្រើនជាងអំបិលធម្មតា ។ ការពិត អំបិលនេះមានប្រភពនៅប្រទេសប៉ាគីស្ថាន ប៉ុន្តែត្រូវបានអាជីវករឥណ្ឌាយកអំបិលមកលក់នៅប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀត ដោយដាក់ស្លាកថា ផលិតនៅឥណ្ឌា ។.png)
អំបិលពណ៌ផ្កាឈូកមានអាយុរាប់លានឆ្នាំ ត្រូវបានគេប្រទះឃើញនៅបរិវេណជើងភ្នំហិម៉ាល័យ ដែលកើតឡើងដោយសារការប្រែប្រួលរបស់សារធាតុរ៉ែ ។ អំបិលពណ៌ផ្កាឈូកមានសារធាតុរ៉ែច្រើនជាងអំបិលធម្មតា ពិសេស វាមានសារធាតុកាល់ស្យូម, ប៉ូតាស្យូម និងសារធាតុដែក ទើបធ្វើឱ្យវាមានពណ៌ផ្កាឈូក ។
ចំណែកអំបិលធម្មតាមានសារធាតុសូដ្យូមច្រើនជាងអំបិលពណ៌ផ្កាឈូក ហើយពេលខ្លះ ត្រូវបានគេបន្ថែមសារធាតុអៃអូឌីនដើម្បីការពារជំងឺពក ក ។ ប៉ុន្តែអំបិលពណ៌ផ្កាឈូក ពុំចាំបាច់បន្ថែមសារធាតុទេ ហើយអ្នកដែលស្រឡាញ់សុខភាពតែងតែជ្រើសយកអំបិលពណ៌ផ្កាឈូកមកដាក់ក្នុងផ្ទះបាយ ដោយសារវាមានសារធាតុសូដ្យូមតិចជាងអំបិលធម្មតា ដែលបណ្តាលឱ្យកើតអាការៈហើមដៃជើង ។.png)
អំបិលពណ៌ផ្កាឈូកអាចជួយដល់ប្រព័ន្ធរំលាយអាហារ ខណៈអំបិលធម្មតានឹងមានប្រយោជន៍ដល់សុខភាព លុះត្រាតែយើងបរិភោគក្នុងបរិមាណសមស្រប ពីព្រោះសារធាតុសូដ្យូមខ្ពស់ក្នុងអំបិលធម្មតាអាចបង្កជាជំងឺលើសឈាម ។ អំបិលផ្កាឈូកដែលដាក់លក់តាមទីផ្សារ មាន២ប្រភេទ គឺអំបិលគ្រាប់ និងអំបិលម៉ត់ ហើយអំបិលគ្រាប់មានតម្លៃថ្លៃជាងអំបិលម៉ត់ ។
ក្រៅពីការយកអំបិលផ្កាឈូកមកធ្វើជាគ្រឿងផ្សំអាហារ គេក៏អាចយកអំបិលនេះទៅធ្វើជាល្អាងអំបិលហិម៉ាល័យផងដែរ ដើម្បីជួយកម្ចាត់ជាតិពុលលើបរិយាកាស និងពុំប៉ះពាល់សួត ។ អំបិលនេះផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដូចជា ៖
-ជួយរក្សាកម្រិតជាតិរាវក្នុងរាងកាយ
-ជួយគ្រប់គ្រងកម្រិតស្ករក្នុងឈាម និងពន្យារភាពចាស់
-ជួយខួរក្បាល, សាច់ដុំ និងប្រព័ន្ធប្រសាទដំណើរការបានល្អ
-ជួយប្រព័ន្ធផ្លូវដង្ហើម និងគ្រប់គ្រងសម្ពាធឈាម
-ជួយឱ្យឆ្អឹងរឹងមាំ និងការពារការរមួលក្រពើ
-ជំរុញតម្រូវការផ្លូវភេទ និងសម្រាកលក់ស្រួល ៕










