នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បាននាំខ្លួនបុរសម្នាក់ដែលបានប្រើកាំបិតកាប់បុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់ ដោយសារសុំផ្លូវជិះម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារមានរថយន្តប្រមូលសំរាមមកប្រមូលត្រង់ចំណុចជនសង្ស័យឈប់ម៉ូតូ ហើយកំពុងចុចទូរស័ព្ទ ពេលនោះជនរងគ្រោះ បានសុំផ្លូវម៉ូតូរបស់ជនសង្ស័យ ដើម្បីធ្វើដំណើទៅមុខទៀត តែជនសង្ស័យមិនព្រមជៀស ហើយក៏បានប៉ះពាល់ពាក្យសម្តី រួចក៏ឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយជនសង្ស័យយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះ និងដកកាំបិតបុ័ងតោចេញពីក្នុងកាបូបកាប់ទៅលើបុរសជនរងគ្រោះ បណ្តាលឱ្យរងរបួសដៃ និងចុងដង្ហើម។
ក្រោយមកទៀត ជនសង្ស័យ បានយកកាំបិតទៅកាប់ជញ្ច្រាំម៉ូតូជនរងគ្រោះជាច្រើនកាំបិត រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមឃាត់ខ្លួនជនសង្ស័យបានសម្រេច។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ថា សេន អាយុ៣១ជាង ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក ពីបទអំពើហិង្សាកាប់ចាក់បែបនេះ៕










