ប្រទេសជប៉ុន ៖ មន្ត្រីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្កើត App ថ្មីមួយឈ្មោះ «Tokyo Futari Story» ដើម្បីជំរុញឱ្យពលរដ្ឋស្វែងរកគូស្រករ រៀបអាពាហ៍ពិពាហ៍ និងមានកូន ។ វាជាយុទ្ធសាស្ត្រមួយទៀតដែលមន្ត្រីក្រុងតូក្យូអនុវត្តដើម្បីបង្កើនចំនួនពលរដ្ឋ ក្រោយពីអត្រាកំណើតនៅជប៉ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ។
ការរៀបអាពាហ៍ពិពាហ៍នៅប្រទេសជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ដូចគ្នានឹងអត្រាកំណើតដែរ គឺបានធ្លាក់ចុះមកកម្រិតទាបបំផុត ។ កាលពីឆ្នាំ២០២៣ ចំនួនរៀបអាពាហ៍ពិពាហ៍របស់ពលរដ្ឋជប៉ុន ស្មើនឹង៤៧៤.៧១៧លើក គឺធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២២ ដែលចំនួនរៀបអាពាហ៍ពិពាហ៍ស្មើរហូតដល់៥០៤.៩៣០លើក ។ រីឯអត្រាកំណើតរបស់ជប៉ុនក្នុងឆ្នាំ២០២៣ ស្មើនឹង៧២៧.២៧៧នាក់ គឺធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២២ ដែលអត្រាកំណើតស្មើនឹង៧៧០.៧៥៩នាក់ ។.png)
ព័ត៌មានលម្អិតអំពី App ឈ្មោះ «Tokyo Futari Story» ពុំទាន់ផ្សព្វផ្សាយជាផ្លូវការទេ ប៉ុន្តែជប៉ុននឹងអនុញ្ញាតឱ្យពលរដ្ឋដោនឡូត App នៅចុងឆ្នាំ២០២៤ ។ ក្រៅពីនេះ មន្ត្រីក្រុងតូក្យូបានបង្កើតគេហទំព័រផ្តល់ប្រឹក្សា និងទិន្នន័យទូទៅពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍របស់ពលរដ្ឋ ព្រមទាំងបង្កើតកម្មវិធីផ្សេងៗដើម្បីឱ្យអ្នកគ្មានគូ និងគូស្នេហ៍បានចូលរួម ។ ពលរដ្ឋដែលចូលរួមកម្មវិធីជាមួយមន្ត្រីក្រុងតូក្យូ នឹងមានឱកាសរៀបរាប់ពីសេចក្តីស្នេហារបស់ខ្លួនក្នុងរូបភាពជាតុក្កតា និងបទចម្រៀង ។.png)
កាលពីឆ្នាំ១៩៧០ ប្រទេសជប៉ុនមានអត្រាកំណើតទារក រហូតដល់ជាង២លាននាក់ក្នុង១ឆ្នាំ ប៉ុន្តែយុវជនជប៉ុនសម័យបច្ចុប្បន្ន ក៏ដូចជាយុវជននៅលើពិភពលោកដែរ ពួកគេពុំចាប់អារម្មណ៍នឹងការបង្កើតគ្រួសារដូចយុវជនសម័យមុនឡើយ គឺពួកគេចង់រស់នៅដោយគ្មានបន្ទុក ។ បញ្ហាសង្គម, សេដ្ឋកិច្ច និងវប្បធម៌ ក៏ជាកត្តាធ្វើឱ្យយុវជនសម័យថ្មីពុំចង់បង្កើតគ្រួសារ និងមានកូន ដោយយុវជនភាគច្រើនយល់ថា ពួកគេត្រូវការប្រាក់យ៉ាងច្រើនសម្រាប់ចិញ្ចឹមកូនម្នាក់ ។
មន្ត្រីក្រុងតូក្យូជឿជាក់ថា ការបង្កើត App ថ្មីនេះ នឹងជួយឱ្យយុវជនជប៉ុនស្រឡាញ់គ្នាឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ រស់នៅជាក្រុមគ្រួសារ បង្កើតកូនចៅ ។ យុវជនប្រមាណ៧០% ពុំសូវសកម្មចូលរួមក្នុងកម្មវិធីស្វែងរកគូស្រករ ឬចុះឈ្មោះស្វែងរកគូក្នុងអ៊ីនធើរណេតទេ ទើបរដ្ឋាភិបាលសង្ឃឹមថា App នេះនឹងជួយឱ្យពួកគេរកឃើញគូឆាប់ៗ ។.png)
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងនាពេលកន្លងមកថា នឹងជំរុញគោលនយោបាយឧបត្ថម្ភប្រាក់ដល់គ្រួសារណាមានកូន និងអនុញ្ញាតឱ្យឪពុក-ម្តាយអាចសុំច្បាប់ការងារមើលថែទាំកូនបាន ដើម្បីជំរុញអត្រាកំណើត ៕










