សហរដ្ឋអាមេរិក៖ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិកជាផ្លូវការហើយ តើរវាងអ្នកទាំងពីរគឺ Donald Trump និងលោកស្រី Kamala Harris ម្នាក់ណាជាអ្នកជាប់ឆ្នោតទៅ? ទោះជាយ៉ាងណាអ្នកទាំងពីរសុទ្ធតែប្តេជ្ញាជំរុញសេដ្ឋកិច្ចអាមេរិក ប៉ុន្តែគោលនយោបាយរបស់ Trump ហាក់មានហានិភ័យបន្តិចចំពោះសេដ្ឋកិច្ចពិភពលោក ផ្ទុយទៅវិញគោលនយោបាយរបស់លោកស្រី Harris ប្រសិនបើជាប់ឆ្នោតគឺលោកស្រីផ្តោតលើចំណុចផ្លាស់ប្តូរតូចៗប៉ុណ្ណោះដូចជា បង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន និងកាត់បន្ថយតម្លៃម្ហូបអាហារ រួមទាំងធ្វើឱ្យបរិយាកាសធុរកិច្ចអាមេរិកកាន់តែមានភាពទាក់ទាញជាងមុន។
យោងតាមការសែត Time ប្រសិនបើលោកស្រី Harris ក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសអាមេរិក លោកស្រីនឹងអនុវត្តគោលនយោបាយដូចជា៖
១.សាងសង់ផ្ទះថ្មីៗជាច្រើន៖ ជាការពិតណាស់ អត្រាការប្រាក់ខ្ពស់កំពុងធ្វើឱ្យជនជាតិអាមេរិកស្ទាក់ស្ទើរក្នុងការទិញផ្ទះ។ លើសពីនេះការផ្គត់ផ្គង់ផ្ទះនៅក្នុងទីផ្សារបន្ទាប់បន្សំក៏ខ្វះខាតផងដែរ ដោយសារម្ចាស់មានការស្ទាក់ស្ទើរក្នុងការលក់។ ទោះជាយ៉ាងណា ប្រសិនជាប់ឆ្នោតលោកស្រី Harris នឹងស្នើផ្តល់ជំនួយការបង់ប្រាក់ចំនួន ២៥,០០០ ដុល្លារដល់អ្នកទិញផ្ទះ ដែលផែនការនេះនឹងជួយមនុស្សប្រហែល ១ លាននាក់ក្នុងមួយឆ្នាំ។
២.ថ្លៃព្យាបាលធ្លាក់ចុះ៖ រដ្ឋបាលរបស់ Harris អាចបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយលើការថែទាំសុខភាពដែលត្រូវបានអនុវត្តដោយរដ្ឋបាល Biden ។ លើសពីនេះ លោកស្រីបានស្នើវិធានការបន្ថែមមួយចំនួន ដើម្បីជួយប្រជាជនអាមេរិកសន្សំលើថ្លៃព្យាបាល ដូចជាការពង្រីកសិទ្ធិរបស់រដ្ឋាភិបាលក្នុងការចរចាតម្លៃថ្នាំ បង្កើនការគាំទ្រផ្នែកពន្ធ ដើម្បីទូទាត់ថ្លៃធានារ៉ាប់រង និងពង្រីកអត្ថប្រយោជន៍ថែទាំសុខភាពដល់មនុស្សចាស់នៅផ្ទះ។
៣.តម្លៃអាហារមិនកើនឡើងទេ៖ ដើម្បីទប់ស្កាត់តម្លៃខ្ពស់ ហារីសបានស្នើឱ្យហាមឃាត់អ្នកផ្គត់ផ្គង់អាហារ និងគ្រឿងទេសមិនឱ្យដំឡើងថ្លៃហួសហេតុពេកទេ។ ដូច្នេះតម្លៃអាហារមិនកើនឡើង និងធ្លាក់ចុះ នឹងធ្វើឱ្យប្រជាជនសប្បាយរីករាយជាងមុន។
៤.ពន្ធនាំចូលមិនកើនឡើងក្នុងទ្រង់ទ្រាយធំទេ៖ Harris នឹងបន្តគោលនយោបាយពន្ធតាមគោលដៅរបស់លោក Biden ដោយមិនដំឡើងពន្ធនាំចូលហួសហេតុពេកទេ។ គោលនយោបាយនេះគឺខុសពី Trump ប្រសិន Trump ជាប់ឆ្នោតនឹងដំឡើងពន្ធនាំចូលទ្រង់ទ្រាយធំ ដែលនឹងធ្វើឱ្យគ្រួសារវណ្ណៈកណ្តាលខាតបង់រាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗ៕










