មានដឹងអត់ តើជំងឺមហារីកប្រភេទណាដែលមនុស្សប្រុសងាយនឹងប្រឈមជាងគេ? ជំងឺមហារីក គឺជាជំងឺមួយដែលកើតឡើងនៅពេលកោសិកាសាហាវរីកលូតលាស់ខុសធម្មតានៅក្នុងរាងកាយ។ បច្ចុប្បន្នជំងឺនេះ នៅតែជាប្រធានបទដ៏ក្ដៅគគុកមិនថា មនុស្សប្រុស ឬមនុស្សស្រីឡើយ សុទ្ធតែប្រឈមនឹងជំងឺគ្រោះថ្នា.ក់ទាំងនេះ។ ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា ក្នុងចំណោមជំងឺមហារីកទាំងអស់ តើបុរសងាយនឹងប្រឈមជំងឺមហារីកប្រភេទណាជាងគេ?
យោងតាមការស្ទង់មតិលើអ៊ីនធឺណិតដោយសេវាពិនិត្យ Hancut Health One-Line Review បានឱ្យដឹងថា ជំងឺមហារីកដែលបុរសងាយប្រឈមជាងគេគឺមហារីកក្រពេញប្រូស្តាត។ ជំងឺមហារីកក្រពេញប្រូស្តាតកើតមានចំពោះតែបុរសប៉ុណ្ណោះ ជាពិសេសអ្នកដែលមានអាយុលើសពី ៥០ ឆ្នាំ។ មហារីកនេះមានប្រភពចេញពីកោសិកាក្នុងក្រពេញប្រូស្តាត ដែលជាសរីរាង្គតូចមួយផលិតទឹកកាម និងជាសារធាតុរាវដែលចិញ្ចឹម និងដឹកជញ្ជូនមេជីវិតឈ្មោល។ ជំងឺនេះអាចត្រូវបានពិនិត្យឱ្យបានឆាប់តាមរយៈការធ្វើតេស្តឈាមប្រូស្តាតជាក់លាក់អង់ទីហ្សែន (PSA) និងការពិនិត្យរន្ធគូថឌីជីថល (DRE) ជាដើម។

ក្រៅពីជំងឺមហារីកក្រពេញប្រូស្តាត បុរសក៏ងាយនឹងកើតជំងឺមហារីកសួត ពោះវៀនធំ និងប្លោកនោមផងដែរ។ មហារីកសួតគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃការស្លាប់ដោយសារជំងឺមហារីកនៅលើពិភពលោក ជាមួយនឹងអត្រាខ្ពស់ចំពោះបុរស។ ការជក់បារីគឺជាកត្តាហានិភ័យចម្បង ពីព្រោះបារីមានផ្ទុកសារធាតុគីមីច្រើនជាង ៧,០០០ ដែលភាគច្រើនបណ្តាលឱ្យកើតមហារីក។ នៅពេលជក់បារី សារធាតុទាំងនេះអាចបង្កគ្រោះថ្នាក់បន្តិចម្តងៗ ដែលនាំឱ្យកើតមហារីកសួត និងមហារីកប្រភេទជាច្រើនទៀត។
ក្រៅពីជក់បារី ការទទួលទានសាច់ក្រហម និងសាច់កែច្នៃច្រើនពេក ក៏ជាកត្តាហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ អ្នកគួរតែញ៉ាំសាច់ក្រហមល្មមៗបានហើយ ក៏ដូចជាកំណត់សាច់កែច្នៃ រួមទាំងញ៉ាំផ្លែឈើ និងបន្លែឱ្យបានគ្រប់គ្រាន់ ហើយផឹកទឹកប្រហែលពីរលីត្រក្នុងមួយថ្ងៃទើបល្អចំពោះសុខភាព។ លើសពីនេះលំហាត់ប្រាណទៀងទាត់ក៏ជួយរក្សាទម្ងន់ឱ្យមានសុខភាពល្អ ពង្រឹងប្រព័ន្ធការពាររាងកាយ និងពង្រឹងប្រព័ន្ធរំលាយអាហារផងដែរ៕