មនុស្សភាគច្រើនបានបរិភោគអាហារសម្រន់ក្នុងពេលកំពុងបើកបររថយន្តនៅតាមផ្លូវ ជាពិសេស ពេលព្រឹក និងពេលល្ងាចក្រោយចេញពីធ្វើការ ប៉ុន្តែតើជ្រាបទេថា ការបរិភោគអាហារក្នុងពេលបើករថយន្តនឹងបណ្តាលឱ្យមានគ្រោះថ្នា.ក់ និងផលប៉ះពាល់យ៉ាងច្រើន ដែលយើងតែងតែមើលរំលង ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ និងគ្រោះថ្នា.ក់ ដោយសារការបរិភោគអាហារពេលកំពុងបើករថយន្ត ៖
១-បាត់បង់សមាធិក្នុងការបើករថយន្ត ៖ ការបរិភោគអាហារ ឬនំចំណីផ្សេងៗពេលកំពុងបើករថយន្តនៅតាមផ្លូវ វានឹងធ្វើឱ្យយើងបាត់បង់ស្មារតីបញ្ជារថយន្ត ពីព្រោះអាហារភាគច្រើនត្រូវតែយកដៃចាប់ ឬដួសដោយស្លាបព្រា ឬសម ។
លើសពីនេះ យើងនឹងបាត់បង់ការចាប់អារម្មណ៍សម្លឹងមើលផ្លូវខាងមុខ ហើយងាកមកចាប់អារម្មណ៍លើចំណីអាហារវិញ ។ ហេតុនេះ បើមានម៉ូតូបើកកាត់មុខរថយន្ត ឬមនុស្សដើរឆ្លងផ្លូវ វានឹងធ្វើឱ្យមានគ្រោះថ្នាក់កើតឡើង ។
២-ការឆ្លើយតបនឹងហេតុការណ៍ខាងក្រៅធ្លាក់ចុះ ៖ ការបរិភោគអាហារពេលបើករថយន្តនឹងធ្វើឱ្យការឆ្លើយតបនឹងហេតុការណ៍ ឬចរាចរណ៍ខាងក្រៅរថយន្តធ្លាក់ចុះ ។ វានឹងធ្វើឱ្យការជាន់ហ្វ្រាំង ឬបញ្ជារថយន្តយឺតពុំទាន់ពេលវេលា ពីព្រោះរវល់តែបរិភោគអាហារ និងខ្លាចចានអាហារធ្លាក់ប្រឡាក់រថយន្ត ។
៣-ពុំអាចគ្រប់គ្រងរថយន្តបានពេញលេញ ៖ ការបរិភោគអាហារចាំបាច់ត្រូវប្រើប្រាស់ដៃកាន់ស្លាបព្រា មានន័យថា យើងនឹងប្រើប្រាស់ដៃតែម្ខាងប៉ុណ្ណោះកាន់ចង្កូតរថយន្ត ។ ករណីចាំបាច់ត្រូវផ្លាស់ប្តូរផ្លូវបើកបរ ឬបើករថយន្តគេចពីអ្វីមួយភ្លាមៗ គឺយើងនឹងពុំអាចគ្រប់គ្រងរថយន្តបានពេញលេញទេ ហើយនឹងកើតគ្រោះថ្នាក់ ។
៤-មានក្លិនស្អុយក្នុងរថយន្ត ៖ ក្រៅពីការបរិភោគអាហារបណ្តាលឱ្យមានគ្រោះថ្នាក់ហើយ កាកសំណល់អាហារអាចធ្លាក់ទៅក្នុងរន្ធផ្សេងៗរបស់រថយន្តដែលមើលមិនឃើញ និងពិបាកសម្អាត ។ បន្ទាប់មក កាកសំណល់អាហារនឹងជះក្លិនស្អុយពិបាកកម្ចាត់ក្លិន បើទោះជាយើងយករថយន្តទៅឱ្យភ្នាក់ងារកម្ចាត់ក្លិនក្តី ក៏ពុំអាចបំបាត់ក្លិនអស់ដែរ ។
បើចាំបាច់ត្រូវបរិភោគអាហារក្នុងរថយន្ត គួរតែបរិភោគអាហារពេលរថយន្តនៅស្ងៀម ឬពេលរថយន្តឈប់នៅចំណុចភ្លើងស្តុប ហើយជាអាហារងាយស្រួលបរិភោគដោយប្រើប្រាស់ដៃម្ខាង មិនងាយកំពប់ ។ ការអនុវត្តបែបនេះនឹងពុំប៉ះពាល់ដល់ការបើកបររថយន្តនៅតាមផ្លូវ ឬប៉ះទង្គិចជាមួយរថយន្តផ្សេងទៀត ៕