ខេត្តសៀមរាបនៃប្រទេសកម្ពុជា ហាក់កំពុងទទួលបាននូវភាពលេចធ្លោយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋអូស្រា្តលី ដែលបានស្វែងរកនិងរំពឹងថានឹងមកកម្សាន្តប្រទេសយើងខ្ពស់ជាងគេបំផុតក្នុងបណ្តាប្រទេសអាស៊ីនិងអ៊ឺរ៉ុប នាឆ្នាំក្រោយ។
នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រភពសារព័ត៌មានបរទេសដ៏ល្បី SBS News បានចុះផ្សាយថា ខេត្តសៀមរាបនៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍ដែលពលរដ្ឋអូស្តា្រលីបានស្វែងរក និងចង់ធ្វើដំណើរមកកម្សាន្តច្រើនជាងគេបំផុត នៅឆ្នាំ២០២៥។
ខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តដ៏ល្បីរន្ទឺ ជាកន្លែងមើលថ្ងៃលិចដ៏ល្អឯកនៅលើពិភពលោក ព្រមជាមួយនឹងប្រាសាទបុរាណរាប់រយកន្លែង វប្បធម៌និងអរិយធម៌ដ៏សម្បូរបែប បានទាក់ចិត្តពលរដ្ឋអូស្រា្តលីច្រើនបំផុតរហូតដល់ ៥២៩% ដែលរំពឹងថានឹងមកទស្សនានៅឆ្នាំក្រោយ។ ចំណែកខេត្តក្រាប៊ី ប្រទេសថៃ ដែលជាខេត្តជាប់ឆ្នេរសមុទ្រ និងកោះដ៏ល្បីល្បាញនោះ ជាប់ចំណាត់ថ្នាក់លេខ២ ដែលមានពលរដ្ឋអូស្រា្តលីស្វែងរក ចំនួន ១៤១%។
ខាងក្រោមនេះ គឺជាទិសដៅទេសចរណ៍ទាំង ១០ ដែលទទួលបាននូវការស្វែងរកច្រើនជាងគេលើបណ្តាញអ៊ីនធើណែត របស់ពលរដ្ឋអូស្រ្តាលីនាពេលកន្លងមក៖
១. ខេត្តសៀមរាប ប្រទេសកម្ពុជា មានការស្វែងរកចំនួន ៥២៩%
២. ខេត្ត Krabi ប្រទេសថៃ មានការស្វែងរកចំនួន ១៤១%
៣. ទីក្រុង Busuanga ប្រទេសហ្វីលីពីន មានការស្វែងរកចំនួន ១២៥%
៤. ទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង មានការស្វែងរកចំនួន ១២៣%
៥. ទីក្រុង Rovaniemi ប្រទេសហ្វាំងឡង់ មានការស្វែងរកចំនួន ១១៨%
៦. ទីក្រុង Cusco ប្រទេសប៉េរូ មានការស្វែងរកចំនួន ១១៣%
៧. ទីក្រុង Tromsø ប្រទេសន័រេវេស មានការស្វែងរកចំនួន ១០៧%
៨. ទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន មានការស្វែងចំនួន ៧៧%
៩. ខេត្ត Labuan Bajo ប្រទេសឥណ្ឌូនេស៊ី មានការស្វែងរកចំនួន ៦៦%
១០. ទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី មានការស្វែងរកចំនួន ៥៥%៕










