ប្រទេសជប៉ុន៖ អស់រយៈពេល ១៣០ ឆ្នាំហើយភ្នំ Fuji របស់ជប៉ុនគឺមិនដែលជួបប្រទះនឹងបាតុភូតចម្លែកនេះទេ ប៉ុន្តែទើបតែចុងឆ្នាំ ២០២៤ នេះស្រាប់តែជួបហេតុការណ៍ប្លែកមួយ។
ជាធម្មតា កំពូលភ្នំខ្ពស់បំផុតក្នុងប្រទេសជប៉ុននឹងត្រូវបានគ្របដណ្តប់ដោយព្រិលសនៅដើមខែតុលា ប៉ុន្តែរហូតមកដល់ពេលនេះគឺចុងខែតុលាហើយ កំពូលភ្នំ Fuji នៅតែមិនមានព្រិលធ្លាក់ទាល់តែសោះ ដែលបណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុ។ ដូច្នេះនៅឆ្នាំនេះ ភ្នំហ្វូជីដែលមានកម្ពស់ ៣,៧៧៦ ម៉ែត្របានទទួលព្រិលចុងក្រោយបង្អស់ចាប់តាំងពីអ្នកជំនាញបានចាប់ផ្តើមកត់ត្រាទិន្នន័យកាលពី ១៣០ ឆ្នាំមុន។
ការធ្លាក់ព្រិលដំបូងបានបង្ហាញពីការមកដល់នៃរដូវរងា នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ជាធម្មតាព្រិលចាប់ផ្តើមធ្លាក់នៅលើភ្នំ Fuji នៅប្រហែលថ្ងៃទី ២ ខែតុលា។ ហើយកាលពីឆ្នាំមុន ព្រិលគឺបានធ្លាក់នៅថ្ងៃទី ៥ ខែតុលា ប៉ុន្តែភាគច្រើនវាក៏បានរលាយទៅវិញនៅដើមខែវិច្ឆិកា ដោយសារសីតុណ្ហភាពក្តៅ។ ការិយាល័យឧតុនិយមក្នុងតំបន់ Kofu ប្រទេសជប៉ុន បានប្រកាសពីការធ្លាក់ព្រិលលើកដំបូងនៅលើភ្នំ Fuji ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៨៩៤។ ប៉ុន្តែទើបតែឆ្នាំនេះទេ ពួកគេមិនទាន់បានប្រកាសនៅឡើយ ដោយលើកឡើងពីអាកាសធាតុក្តៅខុសពីធម្មតា។
លោក Shinichi Yanagi មន្ត្រីឧតុនិយមនៅការិយាល័យ Kofu បាននិយាយថា “មូលហេតុដែលភ្នំ Fuji នៅឆ្នាំនេះមិនមានព្រិល គឺដោយសារតែសីតុណ្ហភាពខ្ពស់នៅក្នុងប្រទេសជប៉ុននៅតែបន្តចាប់តាំងពីរដូវក្តៅ ហើយវានៅតែមានភ្លៀងនៅឡើយ ដូច្នេះមិនមានព្រិលធ្លាក់នោះទេ”។ ទោះបីឆ្នាំនេះមិនមានព្រិលធ្លាក់ក៏ដោយ ក៏កន្លែងនេះនៅតែមានភ្ញៀវទេសចរមកទស្សនារាប់លាននាក់។ គួរបញ្ជាក់ដែរថា ភ្នំ Fuji មានកម្ពស់ ៣,៧៧៦ ម៉ែត្រ ស្ថិតនៅចន្លោះខេត្តទាំងពីរនៃ Yamanashi និង Shizuoka របស់ប្រទេសជប៉ុន ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងជានិមិត្តរូបនៃប្រទេសជប៉ុន។
ជាធម្មតាភ្នំនេះត្រូវបានគ្របដណ្តប់ដោយព្រិលសម្រាប់ភាគច្រើននៃឆ្នាំ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ។ កាលពីខែកក្កដា អាជ្ញាធរបានដាក់ពន្ធលើវិស័យទេសចរណ៍ និងបានណែនាំបទប្បញ្ញត្តិថ្មី ដើម្បីគ្រប់គ្រងហ្វូងមនុស្សកុំឱ្យមានភ្ញៀវទេសចរកកកុញពេក ដោយតម្រូវឱ្យអ្នកឡើងភ្នំត្រូវបង់ប្រាក់ ២,០០០ យ៉េន (ប្រមាណជាង ១៣ ដុល្លារអាមេរិកក្នុងម្នាក់) សិនទើបអាចមកទស្សនាទីនេះបាន ដូច្នេះបច្ចុប្បន្នមានអ្នកឡើងភ្នំអតិបរមា ៤,០០០ នាក់ក្នុងមួយថ្ងៃ៕