ប្រទេសចិន ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បុរសចិនម្នាក់ខឹងយ៉ាងខ្លាំង ដោយសារខំចំណាយប្រាក់អស់យ៉ាងច្រើនទិញរថយន្តអគ្គិសនី Tesla មួយទឹកមកជិះ បែរជាពុំអាចសាកថ្មបាន ។ បុរសនេះមើលឃើញថា ខ្លួនពុំអាចជិះរថយន្តនេះក្នុងទីក្រុង ក៏បានយកសត្វគោមកជួយអូសរថយន្តតាមផ្លូវ ។
បុរសរូបនេះរស់នៅទីក្រុងវៃហ្វាង ខេត្តសានទុង ប្រទេសចិន ទើបតែបានទិញរថយន្ត Tesla Model 3 Performance តាមរយៈគេហទំព័រទិញ-លក់រថយន្តមួយទឹកដ៏ល្បីឈ្មោះ Gauzi ក្នុងតម្លៃជាង១ម៉ឺន៣ពាន់ដុល្លារអាមេរិក ។
ក្រោយពីម្ចាស់រថយន្តប្រើប្រាស់រថយន្តមិនយូរប៉ុន្មាន ស្រាប់តែវាចេញសញ្ញាថា ពុំអាចសាកថ្មបានទេ ហើយម្ចាស់រថយន្តគិតថា វាមានបញ្ហាថ្ម ។ ក្រោយមក ប៉ុន្តែដោយសារពុំអាចធ្វើការចរចាមួយគេហទំព័រ Gauzi និងក្រុមហ៊ុន Tesla បាន ម្ចាស់រថយន្តក៏សម្រេចចិត្តយកគោមកអូសរថយន្តនៅតាមផ្លូវដើម្បីតវ៉ា និងចង់ឱ្យមហាជនចាប់អារម្មណ៍ជួយរកយុត្តិធម៌ ។
ក្នុងវីដេអូដែលបានចែកចាយក្នុងបណ្តាញសង្គម គេបានឃើញម្ចាស់រថយន្តបាញ់ថ្នាំពណ៌ខ្មៅលើរថយន្ត ដែលមានន័យថា ចាញ់បោកគេហទំព័រទិញ-លក់រថយន្តមួយទឹក ព្រមទាំងមានសត្វគោអូសរថយន្តផងដែរ ។ វាបានធ្វើឱ្យអ្នកដើរទៅមកចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏ថតបង្ហោះក្នុងបណ្តាញសង្គម ។
ចំណែកបុគ្គលិករបស់គេហទំព័រ Gauzi ផ្នែកសេវាអតិថិជន និយាយថា រថយន្តទាំងអស់បានឆ្លងកាត់ការត្រួតពិនិត្យអស់ហើយមុនពេលលក់ ។ អតិថិជនរូបនេះបានទិញរថយន្តមួយទឹកមានគុណភាពទាប ហើយអតិថិជនត្រូវទទួលខុសត្រូវជួសជុលដោយខ្លួនឯង ។
ក្រោយមក គេហទំព័រនេះប្រកាសថា ក្រុមហ៊ុនបានជូនដំណឹងពីការត្រួតពិនិត្យគុណភាពរថយន្តយ៉ាងច្បាស់លាស់ហើយថា រថយន្តនេះអាចបើកបរក្នុងចម្ងាយផ្លូវ២៨ម៉ឺនគីឡូម៉ែត្រ ហើយរថយន្តមានប្រវត្តិខូចខាតធ្ងន់ធ្ងរ ។ ហេតុនេះ អតិថិជនគួរតែពិចារណាឱ្យបានល្អមុនសម្រេចចិត្តទិញរថយន្ត ប៉ុន្តែអតិថិជនប្រាប់ថា នឹងទិញវា ។
ប៉ុន្តែក្រោយពេលអតិថិជនទិញរថយន្តរួចហើយ បែរជាធ្វើខុសកិច្ចសន្យា ដោយសុំប្រគល់រថយន្តមកឱ្យក្រុមហ៊ុនវិញ ហើយនិយាយថា ខ្លួនពុំអាចបើករថយន្តបានទេ ហើយសាកថ្មក៏អត់ចូល ។ អតិថិជនបានយកគោមកអូសរថយន្តដើរតាមផ្លូវដើម្បីទាមទារសិទ្ធិ ដូច្នេះ ខាងគេហទំព័រ Gauzi សូមបញ្ជាក់ថា រថយន្តនេះអាចសាកថ្ម និងបើកបរបានធម្មតា ហើយវាពុំដូចការលើកឡើងក្នុងបណ្តាញសង្គមទេ ៕