ជារឿយៗ ជូរី ល្អហួស តែងតែត្រូវបានហ្វេនៗជំរុញលើកទឹកចិត្តនាងឱ្យចូលវិស័យ K-Pop ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែល្បីល្បាញតាមរយៈវិស័យមួយនេះ ខណៈ ល្អហួស រាំបានល្អទាំងស្អាត សម្រស់ក៏មានបានមួយចប់។ ជាមួយការជំរុញលើកទឹកចិត្តស្រាប់តែ ល្អហួស បង្ហើបប្រយោគមួយឃ្លាធ្វើឱ្យហ្វេនៗកាន់តែសប្បាយចិត្តទ្វេដង។
ក្នុងការប្រកួតវិស័យបវរកញ្ញា យុវតី ល្អហួស បានយកជ័យជម្នះជូនប្រទេសជាតិក្លាយជា Miss Preteen Junior Idol World 2024 ដោយបានបង្ហាញពីឥទ្ធីពលកម្ពុជាមិនចាញ់ប្រទេសដទៃនោះទេ ជាពិសេសគឺបានបង្ហាញពីរបាំអប្សរា យ៉ាងទន់ភ្លន់ នៅលើឆាកអន្តរជាតិប្រកបដោយស្នាមញញឹមដ៏ស្រស់ស្អាត។ ងាកមកកាន់វិស័យសិល្បៈវិញទស្សនិកជនមានការទទួលស្គាល់ទៅលើសមត្ថភាពរបស់ ល្អហួស មានទេពកោសល្យពេញខ្លួនទាំងបុរាណនិងសម័យ ល្អហួស ធ្វើបានទាំងអស់។

មានទាំងព្រមដូចនេះមិនថាសម្រស់ឬទេពកោសល្យជារឿយៗ ល្អហួស តែងតែត្រូវបានហ្វេនៗជំរុញចិត្តឱ្យយុវតីរូបនេះចូលរួមប្រកួតប្រជែងនៅលើវិស័យ K-Pop នឹងជំរុញឱ្យប្រទេសកម្ពុជាកាន់តែល្បាញល្បី។ ថ្មីៗនេះ ល្អហួស កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តព្រោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទំនងប្រឡូកលើវិស័យមួយនេះ។
នៅយប់ថ្ងៃទី២៩ តុលា ល្អហួស បានបង្ហោះសំណេរថា «ថ្ងៃខាងមុខនឹងមានឈ្មោះ កូនស្រីកម្ពុជា ឈរលើវិស័យ K-POP IDOL លំដាប់អន្តរជាតិ ដើម្បីឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពី កម្ពុជា»។
ឃើញការបង្ហោះរបស់ ល្អហួស បែបនេះហើយហ្វេនៗជាច្រើនកាន់តែជំរុញលើកទឹកចិត្តទ្វេដង ស្របពេល ល្អហួស ក៏ត្រៀម បង្ហាញពីចង្វាក់ K-Pop ចែកហ្វេនៗទស្សនា។ ទន្ទឹមនឹងបង្ហាញចង្វាក់ K-Pop ល្អហួស ក៏បានថតរបាំអប្សរានៅលើទឹកដីប្រាសាទអង្គរវត្តម្តងទៀត បន្ទាប់ពីលើកទី១ មានការខ្វះខាតប្លង់មួយចំនួនមិនបានបង្ហាញឱ្យទស្សនិកជនទស្សនា។
មែនទែនទៅ ល្អហួស មានបំណងចង់ប្រកួតប្រជែងកម្មវិធី Miss Grand បន្ទាប់ពីគ្រប់អាយុ១៨ឆ្នាំប៉ុន្តែបានសម្រេចចិត្តបោះបង់ក្តីស្រមៃមួយនេះវិញក្រោយពីមានបញ្ហាចម្រូងចម្រាសមក៕