ប្រទេសចិន ៖ ទីក្រុងសៀងហៃ ប្រទេសចិនបានហាមឃាត់ពលរដ្ឋស្លៀកពាក់ធ្វើខ្មោច Halloween នៅតាមផ្លូវសាធារណៈ ប៉ុន្តែទីក្រុងនេះសំណូមពរឱ្យពលរដ្ឋអបអរពិធីបុណ្យ Halloween នៅកន្លែងផ្ទាល់ខ្លួន ដោយអាជ្ញាធរអះអាងថា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ។.png)
នាពេលថ្មីៗនេះ សមត្ថកិច្ចនៅទីក្រុងសៀងហៃបានដើរយាមល្បាតនៅតាមដងផ្លូវ ដើម្បីហាមឃាត់ការប្រារព្ធពិធីបុណ្យ Halloween នៅទីសាធារណៈ ហើយបើសមត្ថកិច្ចឃើញអ្នកណាម្នាក់ស្លៀកពាក់ឈុត Fantasy ឬតែងមុខមាត់ធ្វើខ្មោច ឬបីសាច និងដើរនៅតាមផ្លូវ ឬប្រមូលផ្តុំគ្នានៅតាមគោលដៅ គឺសមត្ថកិច្ចនឹងប្រាប់ឱ្យពួកគេបំបែកគ្នា និងទៅប្រារព្ធពិធីបុណ្យនេះនៅកន្លែងផ្ទាល់ខ្លួន ។
សមត្ថកិច្ចបានហាមឃាត់ក្រុមមនុស្សស្លៀកពាក់ឈុត Fantasy ដែលកំពុងប្រារព្ធពិធីបុណ្យ Halloween នៅសួនច្បារសាធារណៈក្នុងទីក្រុងសៀងហៃ រួចហើយសមត្ថកិច្ចក៏បានបណ្តេញពួកគេឱ្យចេញពីទីសាធារណៈ ។ អ្នកចូលរួមប្រារព្ធពិធីបុណ្យមួយចំនួនត្រូវបាននាំទៅស្ថានីយប៉ូលិស ដើម្បីឱ្យដោះឈុត Fantasy និងលាងមុខខ្មោចចេញ ។.png)
ទីក្រុងសៀងហៃពុំបានប្រកាសជាផ្លូវការថា ហាមពលរដ្ឋប្រារព្ធពិធីបុណ្យ Halloween ទេ ប៉ុន្តែអាជ្ញាធរបានប្រាប់ពលរដ្ឋ និងក្រុមហ៊ុនផ្សេងៗរយៈពេល១សប្តាហ៍មុន ដើម្បីឱ្យពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ។ បើពលរដ្ឋចង់អបអរពិធីបុណ្យនេះ គួរតែរៀបចំនៅកន្លែងផ្ទាល់ខ្លួន ដូចជា ៖ លំនៅឋាន, សាលារៀន និងកន្លែងធ្វើការ ហើយកុំប្រមូលផ្តុំគ្នានៅទីសាធារណៈ ។.png)
ក្រៅពីនេះ អាជ្ញាធរក៏បានសុំការសហការពីម្ចាស់ក្លិបរាត្រី និងភោជនីយដ្ឋានក្នុងតំបន់កន្លែងផ្សេងៗ ហាមរៀបចំកម្មវិធីណាមួយក្នុងថ្ងៃបុណ្យ Halloween ដូចជា ៖ ការប្រកួតសម្លៀកពាក់ Fantasy ដោយអាជ្ញាធរអះអាងថា ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងសង្គម និងរបៀបរៀបរយនៅទីសាធារណៈ ។
មតិនានាលើកឡើងថា ទីក្រុងសៀងហៃបានហាមឃាត់ពលរដ្ឋស្លៀកពាក់ឈុត Halloween និងចូលរួមអបអរពិធីបុណ្យនេះជាសាធារណៈ ដោយសារកាលពីឆ្នាំ២០២៣ មានជនឆ្លៀតឱកាសយកថ្ងៃបុណ្យនេះ ស្លៀកពាក់ឈុត Fantasy រួចហើយបង្កបញ្ហាក្នុងសង្គម រួមមាន ៖ រិះគន់ពីយុវជនចិនគ្មានការងារធ្វើ ។
អាជ្ញាធរក្រុងសៀងហៃបញ្ជាក់ថា ពុំបានហាមឃាត់ពលរដ្ឋប្រារព្ធពិធីបុណ្យ Halloween ទេ គ្រាន់តែចង់ឱ្យពលរដ្ឋប្រារព្ធពិធីបុណ្យនេះនៅកន្លែងផ្ទាល់ខ្លួន ។ រីឯសួនកម្សាន្ត Shanghai Disneyland អាចរៀបចំពិធីបុណ្យតាមធម្មតា ប៉ុន្តែបើអ្នកណាម្នាក់តែងខ្លួនធ្វើខ្មោច ហើយនាំគ្នាទៅថតរូបនៅកណ្តាលក្រុង គឺពុំអាចធ្វើបានទេ ពីព្រោះក្នុងអំឡុងពេលនេះ មានសមត្ថកិច្ចយាមកាមយ៉ាងតឹងរ៉ឹង ៕










