ប្រទេសថៃ ៖ ពលរដ្ឋថៃលើកឡើងថា បច្ចុប្បន្ន មានពលករបរទេសជាច្រើននាក់ចូលមកធ្វើការនៅប្រទេសថៃទាំងស្របច្បាប់ និងខុសច្បាប់ ហើយពលករបរទេសទាំងនេះបានដណ្តើ.មការងាររបស់ពលរដ្ឋថៃ ។ ហេតុនេះ ពួកគេបានសំណូមពរឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាពលករបរទេសខុសច្បាប់ដោយបញ្ជូនទៅស្រុកកំណើតវិញ ។
ពលរដ្ឋថៃនិយាយថា ពលករបរទេសមួយចំនួនដែលមកធ្វើការនៅប្រទេសថៃ បានទាមទារឱ្យរដ្ឋាភិបាលថៃលើកកម្ពស់ និងផ្តល់សិទ្ធស្មើគ្នាជាមួយពលរដ្ឋថៃ ជាពិសេស ពលករមីយ៉ាន់ម៉ា ។ ពលករបរទេសខ្លះទៀតមកបើកអាជីវកម្មខ្លួនឯងលើទឹកដីថៃ ហើយសមត្ថកិច្ចពុំដែលចាប់ខ្លួនបានទេ ដោយសារពួកគេដឹងខ្លួនមុន ពេលសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការងារថៃពុំបានផ្តល់ភាពសំខាន់លើពលករបរទេសទេ ហើយក្រសួងការងារនឹងចាត់វិធានការមិនឱ្យពលករបរទេសដណ្តើមការងារពលរដ្ឋថៃ ។ ពលករបរទេសគ្មានសិទ្ធបើកអាជីវកម្មទេ គឺពួកគេមានសិទ្ធត្រឹមតែលក់កម្លាំងពលកម្មប៉ុណ្ណោះ ។

រដ្ឋមន្ត្រីក្រសួងការងារ លោក ផិផាត់ រ៉ាជឆាកិច្ចប្រាកាន បានចេញមុខបកស្រាយករណីមតិនានាលើកឡើងថា ក្រសួងការងារផ្តល់ភាពសំខាន់លើពលករបរទេសខ្លាំងពេក ដោយលោកបញ្ជាក់ថា ក្រសួងការងារព្យាយាមធ្វើឱ្យពលករបរទេស និងថៃមានសិទ្ធិស្មើៗគ្នា ស្របតាមការកំណត់របស់អង្គការពលកម្មអន្តរជាតិ (ILO) ដោយសារថៃជាសមាជិករបស់អង្គការនេះ ។
លោករដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា លោកនឹងចាប់ផ្តើមអនុវត្តវិធានការចំនួន២ចំណុច ដើម្បីដោះស្រាយបញ្ហាពលករបរទេសដណ្តើមការងារពលរដ្ឋថៃ រួមមាន ៖ វិធានការការពារ និងការផាកពិន័យ តាមរយៈការបញ្ជូនសមត្ថកិច្ចចុះត្រួតពិនិត្យតាមទីតាំងធ្វើការរបស់ពលករបរទេស ។
លោក ផិផាត់ រ៉ាជឆាកិច្ចប្រាកាន រដ្ឋមន្ត្រីក្រសួងការងារនិយាយថា ៖ «វាជាការអនុវត្តតាមច្បាប់ថៃ គឺដាស់តឿន, ផាកពិន័យ និងបញ្ជូនពលករត្រឡប់ទៅប្រទេសកំណើតវិញ ហើយថៃពុំអនុញ្ញាតឱ្យពលករបរទេសប្រមូលផ្តុំគ្នាតវ៉ារឿងនយោបាយនៅលើទឹកដីថៃទេ» ៕