ស្ពានអាកាស មរតកតេជោ ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែ ពោលគឺ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ដោយនៅក្នុងផែនការសម្រេចនៅខែសីហា។
ស្ពាននេះ ស្ថិតនៅ ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ពានអាកាស មរតកតេជោ កសាងឡើងចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាអ្នកទទួលការសាងសង់។
ក្រោយសាងសង់ស្ពាននេះរួច នឹងអាចជួយកាត់បន្ថយការស្ទះចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២កាត់បន្ថយការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្រុងភ្នំពេញ មានស្ពានអាកាសចំនួន៨ ដែលកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ ខណៈនៅមានគម្រោងស្ពាន៣-៤ ត្រូវបានរដ្ឋាភិបាលកំពុងសិក្សាបន្ថែម៕










