អគារសារមន្ទីរមានរូបរាងជាគ្រាប់មីន ដែលធំជាងគេបំផុតនៅលើពិភពលោក បានកំពុងនឹងសាងសង់យ៉ាងយកចិត្តទុកដាក់នៅលើផ្ទៃដី១២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។
អគារនេះ មានទំហំ១០៨ម៉ែត្រគុណនឹង១០៨ម៉ែត្រ និងកម្ពស់១៨ម៉ត្រ សាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណង១៧លានដុល្លារ របស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជដ្ឋាភិបាលកម្ពុជា។

អគារសារមន្ទីរនេះ ស្ថិតនៅក្នុងគម្រោងសារមន្ទីរតេជោសន្តិភាព ដែលសាងសង់ឡើង ដើម្បីជាឃ្លាំងព័ត៌មាន ឯកសារ និងវត្ថុតាំងជាក់ស្តែង ឱ្យយុវជនជំនាន់ក្រោយៗបានឈ្វេងយល់ពីផលលំបាកនៃសង្គ្រាម និងក្រោយសង្គ្រាម។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងជិត១,៨លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ៕