ប្រទេសចិន៖ នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៤ នេះការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ដែលជាប្រទេសមហាអំណាចទីពីររបស់ពិភពលោកបានធ្លាក់ចុះ ០.៣% ខណៈពេលដែលក្រុមហ៊ុន Huawei វិញបានកើនឡើងរហូតដល់ ៤២%។
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC កាលពីថ្ងៃទី ២៥ ខែតុលា បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនរបស់ចិនគឺបានចាប់ផ្តើមកើនឡើងខ្លាំងជាបន្តបន្ទាប់ៗ ដោយចាប់ពីខែកក្កដាដល់ចុងខែកញ្ញា ស្មាតហ្វូនចំនួន ៦៨.៨ លានគ្រឿងត្រូវបានលក់អស់ កើនឡើង ៣.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
Arthur Guo អ្នកវិភាគប្រព័ន្ធអតិថិជននៅ IDC China បាននិយាយថា “រលកនៃការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ កំពុងជំរុញឱ្យមានការងើបឡើងវិញប្រកបដោយនិរន្តរភាព នៃទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន” ។ ទោះបីជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកំពុងបន្តក៏ដោយ អ្នកប្រើប្រាស់នៅតែចំណាយច្រើនលើស្មាតហ្វូនថ្មី បន្ទាប់ពីតម្រូវការកើនឡើងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ បច្ចុប្បន្នម៉ាកយីហោដែលឈានមុខគេនៅក្នុងទីផ្សារប្រទេសចិនគឺ ក្រុមហ៊ុន Vivo ដែលជាក្រុមហ៊ុនលក់ទូរស័ព្ទតម្លៃទាបជាចម្បង ជាមួយនឹងចំណែកទីផ្សារ ១៨.៦% កើនឡើង ២១.៥% បើធៀបនឹងឆ្នាំមុន។ .png)
ខណៈដែលក្រុមហ៊ុន Apple វិញទទួលបានចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ១៥.៦% ធ្លាក់ចុះ ០.៣% ក្នុងរយៈពេលដូចគ្នា។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Huawei បានកើនឡើងចំនួន ៤២% ឡើងមកនូវចំណាត់ថ្នាក់លេខ ៣ ដែលឈានដល់ចំណែកទីផ្សារចំនួន ១៥.៣% ហើយ Xiaomi និង Honor គឺជាម៉ាកយីហោពីរដែលនៅសល់ក្នុងកំពូលទាំង ៥ ដែលមានចំណែកទីផ្សារ ១៤.៨% និង ១៤.៦% រៀងគ្នា។ គួរបញ្ជាក់ដែរថា Huawei កាលពីមុនមិនបានស្ថិតនៅលំដាប់កំពូលទាំង ៥ ដូចឆ្នាំនេះទេ។ នេះមានន័យថា ការស្ទុះងើបឡើងវិញរបស់ Huawei គឺគួរឱ្យចាប់អារម្មណ៍បំផុត៕










