ហុងកុង ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងបានលើកឡើងថា ហុងកុងនឹងបន្ធូរបន្ថយលក្ខខណ្ឌការស្នើសុំទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើដំណើរចូលហុងកុងជាច្រើនលើកទាំងការមកកម្សាន្ត និងធ្វើអាជីវកម្ម ។
ការបន្ធូរបន្ថយទិដ្ឋាការសម្រាប់ពលរដ្ឋទាំង៣ប្រទេសនេះ គឺហុងកុងនឹងអនុវត្តចាប់ពីចុងខែតុលា ឆ្នាំ២០២៤ តទៅ ។ គោលនយោយនេះ ជាការពន្យារពេលទិដ្ឋាការពី២ឆ្នាំ ទៅ៣ឆ្នាំ គឺដូចគ្នានឹងហុងកុងធ្លាប់បានបន្ធូរបន្ថយទិដ្ឋាការឱ្យពលរដ្ឋវៀតណាម កាលពីឆ្នាំ២០២៣ ។
ការប្រកាសបន្ធូរបន្ថយទិដ្ឋាការ គឺហុងកុងមានគោលដៅពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ជាពិសេស ទំនាក់ទំនងផ្នែកទេសចរណ៍, ពាណិជ្ជកម្ម និងសហការអភិវឌ្ឍន៍ផ្នែកផ្សេងៗ ។
ក្រៅពីនេះ ហុងកុងនឹងផ្តល់សេវាអន្តោប្រវេសន៍ដោយខ្លួនឯង សម្រាប់ពលរដ្ឋមកពី១០ប្រទេសក្នុងតំបន់អាស៊ាន រួមមាន ៖ កម្ពុជា, ព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ដែលត្រូវបានអញ្ជើញឱ្យមកធ្វើអាជីវកម្ម, ការអភិវឌ្ឍ និងការងារពាក់ព័ន្ធ ដោយពួកគេពុំចាំបាច់បង្ហាញឯកសារបញ្ជាក់ពីការធ្វើដំណើរចេញ-ចូលហុងកុងទេ ។ វានឹងធ្វើឱ្យលក្ខខណ្ឌត្រួតពិនិត្យជនបរទេសចូលហុងកុងឆាប់រហ័ស និងកាន់តែងាយស្រួល ។
លើសពីនេះ ហុងកុងនឹងចាត់វិធានការបន្ថែមទៀតជំរុញវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ាន និងមជ្ឈិមបូព៌ាឱ្យធ្វើដំណើរមកលេងហុងកុងកាន់តែច្រើន ព្រមទាំងការផ្តល់ព័ត៌មាននៅអាកាសយានដ្ឋានជាភាសាអារ៉ាប់ផងដែរ ។ 
ហុងកុងនឹងតម្រូវឱ្យភោជនីយដ្ឋានផ្សេងៗធ្វើអាហារហាឡាល់ ដើម្បីឱ្យភ្ញៀវទេសចរបរទេសទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលបានបទពិសោធន៍ល្អនៅហុងកុង ៕










