បុណ្យកឋិន គឺជាបុណ្យមួយនៅក្នុងព្រះពុទ្ធសាសនា ដែលចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្ស មានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។
នារដូវបុណក្យកឋិន ពុទ្ធបរិស័ទ តែងនាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ មានចីពរជាដើម ទៅប្រគេនព្រះសង្ឃ ឬក៏អ្នកខ្លះយកបច្ច័យ ធ្វើជាទេយ្យទានផងដែរ។

បើតាមព្រះវិន័យ សម្រាប់វត្តមួយ អាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ក្នុងរយៈពេល២៩ថ្ងៃនេះ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ តាមការរៀបចំរបស់គណៈកម្មការវត្ត និងតាមការស្នើសុំរបស់ម្ចាស់កឋិន។
ថ្វីដ្បិតតែវត្តមួយ មិនត្រូវបានអនុញ្ញាតឱ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ បើនិយាយឱ្យងាយស្រួលយល់ វត្តមួយ ធ្វើបុណ្យកឋិនប៉ុន្មានក៏បានដែរ ឱ្យតែនៅក្នុងថ្ងៃតែមួយ។
គួរបញ្ជាក់ថា បុណ្យកឋិន មានសារសំខាន់ខ្លាំងណាស់ក្នុងចំណោមបុណ្យក្នុងព្រះពុទ្ធសាសនា ដោយគេមានជំនឿថានឹងទទួលបានអនិសង្សច្រើន និងអាចបានទៅ កើតនៅស្ថានទេវលោកជាដើម៕