កសិករចិញ្ចឹមបង្គាថៃកំពុងក្តៅក្រហាយយ៉ាងខ្លាំង ដោយបានផ្ទុះការរិះគន់និងស្តីបន្ទោសចំៗលើរដ្ឋាភិបាលលោក Anutin Charnvirakul ថាចាត់ចែងការងារខ្វះការគិតគូរវែងឆ្ងាយ ទៅបង្កជម្លោះពាណិជ្ជកម្មជាមួយម៉ាឡេស៊ីមុន រហូតត្រូវគេសងសឹកបិទច្រកព្រំដែន ធ្វើឱ្យបង្គារាប់ពាន់តោនកកស្ទះ និងប្រឈមការខាតបង់ជីវភាពទាំងស្រុង។
.jpg)
យោងតាមការចុះផ្សាយផ្លូវការរបស់សារព័ត៌មានល្បីៗ រួមមាន The Nation Thailand និង Bangkok Post បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី (MAFS) បានសម្រេចផ្អាកការនាំចូលបង្កង និងបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃជាបណ្តោះអាសន្ន។ បង្គាទាំងនោះរួមមាន បង្កងខ្លា, បង្គាស, បង្គាចេក, បង្គាខ្លាក្រហម និងបង្គាខៀវ ព្រមទាំងរឹតបន្តឹងលើការនាំចូលត្រីឆ្ពុងផងដែរ។.jpg)
ដើមចមនៃវិធានការដ៏តឹងរ៉ឹងនេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា ជាការឆ្លើយតបសងសឹករបស់ម៉ាឡេស៊ី បន្ទាប់ពីនាយកដ្ឋានជលផលថៃបានទៅរឹតបន្តឹង និងហាមឃាត់ការនាំចូលត្រីឆ្ពុងពីម៉ាឡេស៊ីមុន ដោយលើកឡើងពីបញ្ហាសំណល់គីមីកសិកម្ម។ ទង្វើដុតដៃដុតជើងរបស់អាជ្ញាធរថៃ បានធ្វើឱ្យភាគីម៉ាឡេស៊ីអស់ការអត់ធ្មត់ និងវាយបកមកលើវិស័យបង្គារបស់ថៃវិញភ្លាមៗ។

វិបត្តិនេះបានបង្កផលប៉ះពាល់ភ្លាមៗដល់សេដ្ឋកិច្ចភាគខាងត្បូងប្រទេសថៃ ជាពិសេសខេត្តសុងខ្លា ដែលជាដង្ហើមនាំចេញបង្គាទៅម៉ាឡេស៊ី ដោយទិន្នផលបង្គាប្រមាណ ៦,០០០ ទៅ ៨,០០០ តោនក្នុងមួយឆ្នាំ ត្រូវកកស្ទះ និងបង្វែរមកលក់ក្នុងស្រុកវិញ ដែលធ្វើឱ្យតម្លៃបង្គានៅមាត់ស្រះធ្លាក់ចុះយ៉ាងគំហុក។ ទន្ទឹមគ្នានេះដែរ ការកកស្ទះពិនិត្យទំនិញនៅច្រកព្រំដែនសដៅ បានធ្វើឱ្យបង្គាស្រស់បាត់បង់គុណភាព និងខាតបង់តម្លៃសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។.jpg)
សមាគមបង្គាថៃ រួមទាំងក្រុមតំណាងកសិករចំនួន ១៩ ស្ថាប័ន បានដាក់ញត្តិបន្ទាន់ជូនលោកនាយករដ្ឋមន្ត្រី អានុទីន ដោយទាមទារឱ្យរដ្ឋាភិបាលធ្វើការចរចាការទូតជាបន្ទាន់ជាមួយម៉ាឡេស៊ីដើម្បីពន្យារពេលវិធានការនេះ។ ព្រមទាំងស្នើឱ្យរដ្ឋទម្លាក់កញ្ចប់ថវិកាជួយទិញបង្គាពីកសិករដើម្បីទប់ទល់នឹងការធ្លាក់ថ្លៃ។
រដ្ឋាភិបាលថៃបានចេញមុខមកទទួលស្គាល់បញ្ហានេះ និងកំពុងរៀបចំបញ្ជូនមន្ត្រីជំនាញទៅជួបពិភាក្សាជាមួយអាជ្ញាធរម៉ាឡេស៊ី។ ទោះជាយ៉ាងណា ដំណោះស្រាយនេះត្រូវចំណាយពេល ព្រោះថៃត្រូវបំពេញកម្រងសំណួរស្ដីពីស្ដង់ដារសុវត្ថិភាពចំណីអាហារផ្ញើទៅឱ្យម៉ាឡេស៊ីវាយតម្លៃឡើងវិញជាមុនសិន ទើបអាចបើកច្រកពាណិជ្ជកម្មនេះឡើងវិញបាន។
សរុបមកវិញ វិបត្តិពាណិជ្ជកម្មគ្រឿងសមុទ្ររវាងថៃ និងម៉ាឡេស៊ីនៅពេលនេះ គឺជាលទ្ធផលនៃការសម្រេចចិត្តខ្វះការគិតគូរឱ្យបានវែងឆ្ងាយ និងខ្វះការវាយតម្លៃផលប៉ះពាល់ជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថៃ។ ការប្រញាប់ប្រញាល់ដាក់របាំងពាណិជ្ជកម្មលើប្រទេសជិតខាងមុន ដោយមិនបានត្រៀមលក្ខណៈការពារកសិករខ្លួនឯង បានក្លាយជាដាវពីរមុខចាក់ត្រឡប់មកវិញ ធ្វើឱ្យប៉ះពាល់ដល់ការរកស៊ី និងឆ្នាំងបាយរបស់ប្រជាជនខ្លួនឯងផ្ទាល់ ព្រមទាំងធ្វើឱ្យខាតបង់ប្រាក់ចំណូលរាប់លានដុល្លារសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល៕










