យោងតាមការស្រាវជ្រាវបង្ហាញថា អ្នកដែលមានតួនាទីក្នុងផ្នែកគ្រប់គ្រងក្រុមហ៊ុន ស្មើនឹង៣៧% ចូលចិត្តធ្វើខ្លួនឱ្យរវល់ ឬបង្ហាញឥរិយាបថឱ្យគេមើលឃើញថា ខ្លួនកំពុងមមាញឹកនឹងការងារខ្លាំង (ហៅថា Fauxductivity) រហូតប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងក្រុម ឬលទ្ធផលការងារធ្លាក់ចុះ ។.png)
ក្នុងសម័យដែលការងារផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេស ក្រោយការឆ្លងរាតត្បាតរបស់ជំងឺកូវីដ-១៩ បញ្ហាប្រសិទ្ធភាពការងារនៅកន្លែងធ្វើការបានក្លាយជាបញ្ហាសំខាន់ដែលក្រុមហ៊ុននានាផ្តល់ភាពសំខាន់ ។ ចំណុចមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺ «Fauxductivity» ឬជាការបង្ហាញឱ្យគេឃើញថា ខ្លួនកំពុងធ្វើការ ហើយវាពុំត្រឹមតែកើតឡើងចំពោះបុគ្គលិកទូទៅទេ ប៉ុន្តែវាក៏បានកើតឡើងចំពោះអ្នកមានតួនាទីធំៗក្នុងក្រុមហ៊ុនផងដែរ ។
តាមការស្ទង់មតិរបស់ Workhuman បង្ហាញថា នាយកគ្រប់គ្រងក្រុមហ៊ុនជាង៤៨% យល់ឃើញថា ឥរិយាបថ «Fauxductivity» គឺជាបញ្ហាក្នុងក្រុមការងារ ។ អ្វីគួរឱ្យភ្ញាក់ផ្អើលនោះ គឺប្រធានក្រុមការងាររហូតដល់៣៧% ទទួលស្គាល់ថា ពួកគេធ្វើខ្លួនឱ្យរវល់ ឬធ្វើដូចជាកំពុងមមាញឹកនឹងការងារខ្លាំង បើធៀបនឹងបុគ្គលិកធម្មតា គឺស្មើត្រឹមតែ៣២% ។
ចំនួននេះកាន់តែខ្ពស់ថែមទៀតសម្រាប់អ្នកមានតួនាទីជានាយកប្រតិបត្តិជាន់ខ្ពស់ គឺស្មើរហូតដល់៣៨% ។ វាបង្ហាញថា ឥរិយាបថ «Fauxductivity» គឺជាបញ្ហាចាក់ឫសក្នុងវប្បធម៌ក្រុមហ៊ុន ជាពិសេស វាកើតឡើងក្នុងក្រុមហ៊ុនដែលធ្វើការតាមបែប «Always-on» ដែលផ្តោតលើការធ្វើការគ្រប់ពេលវេលា រហូតដល់ក្លាយជាការដាក់សម្ពាធ និងតានតឹងដល់បុគ្គលិក ។.png)
ឥរិយាបថ «Fauxductivity» អាចបង្ហាញចេញមកក្រៅជារូបភាពផ្សេងៗ រួមមាន ៖
-Coffee Badging ៖ គឺជាការចូលការិយាល័យធ្វើការដើម្បីផឹកកាហ្វេ និងជជែកគ្នាជាមួយមិត្តរួមការងារ រួចហើយ ត្រឡប់ទៅផ្ទះវិញ
-Quiet Quitting ៖ គឺជាការប្រើប្រាស់កម្មវិធីអ្វីមួយដើម្បីឱ្យអ្នកដទៃមើលឃើញថា ខ្លួនកំពុងអនឡាញធ្វើការគ្រប់ពេលវេលា ។
ឥរិយាបថទាំងនេះ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងក្រុមហ៊ុនហើយ វាក៏ធ្វើឱ្យមានឥទ្ធិពលវិជ្ជមានលើខ្លួនឯងរយៈពេលវែងផងដែរ ដូចជា ៖ ភាពតានតឹង, រងសម្ពាធ និងអស់កម្លាំងធ្វើការ ។
Meisha-ann Martin ជានាយកជាន់ខ្ពស់ផ្នែកវិភាគបុគ្គលិកលក្ខណៈ និងបានចូលរួមការស្រាវជ្រាវរបស់ Workhuman និយាយថា នាយកគ្រប់គ្រងមានតួនាទីសំខាន់ក្នុងការបង្កើតវប្បធម៌ក្រុមហ៊ុន និងលើកទឹកចិត្តឱ្យបុគ្គលិកហ៊ានបញ្ចេញមតិពេលជួបបញ្ហាការងារ ព្រមទាំងពុំចាំបាច់មានសម្ពាធការងារគ្រប់ពេលវេលា ។
ប៉ុន្តែការបង្កើតបរិយាកាសការងារបើកចំហ, ស្មោះត្រង់ និងផ្តល់ភាពសំខាន់លើតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ វានឹងអាចជួយកាត់បន្ថយឥរិយាបថ «Fauxductivity» និងជំរុញឱ្យបុគ្គលិកបំពេញការងារយ៉ាងមានប្រសិទ្ធភាព ព្រមទាំងរីករាយនឹងការងារកាន់តែខ្លាំង ៕










