ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចបានរឹបអូ.ស យកទ្រព្យសម្បត្តិរបស់ជនពាក់ព័ន្ធសំខាន់ៗជាមួយក្រុមហ៊ុន The iCON GROUP ស្មើទឹកប្រាក់សរុប៤០០លានបាត ។ ជំហ៊ានបន្ទាប់ សមត្ថកិច្ចនឹងប្រមូលភស្តុតាងដើម្បីចា.ប់ ខ្លួនក្រុមជនពាក់ព័ន្ធផ្សេងទៀតបញ្ជូនមកឱ្យតុលាការកាត់ទោ.ស តាមច្បាប់ ។
ក្រោយការចូលរួមប្រជុំតាមដានរឿងក្តីរបស់ក្រុមហ៊ុន The iCON GROUP សមត្ថកិច្ចថៃនិយាយថា មានជនរងគ្រោះប្រមាណ៥០នាក់ បាននាំគ្នាមកដាក់ពាក្យប្តឹងក្រុមហ៊ុននេះនៅស្ថានីយប៉ូលិស ។ រីឯចំនួនជនរងគ្រោះសរុបនៅទូទាំងប្រទេស ដែលបានដាក់ពាក្យប្តឹងក្រុមហ៊ុននៅការិយាល័យស៊ើបអង្កេតកណ្តាល និងស្ថានីយប៉ូលិសនានា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គឺស្មើនឹង ៦.៩៧៩នាក់ ដែលពួកគេបានខាតបង់ប្រាក់សរុបអស់ជាង២.០៤៦លានបាត ។.png)
បច្ចុប្បន្ន ក្រុមជនពាក់ព័ន្ធជាមួយក្រុមហ៊ុន The iCON GROUP ចំនួន១៨នាក់ ត្រូវបានបញ្ជូនមកកាន់ពន្ធនាគារពិសេស ហើយសមត្ថកិច្ចបានចុះត្រួតពិនិត្យ ១១ទីតាំងរបស់ជនពាក់ព័ន្ធ និងមនុស្សជិតស្និទ្ធជាមួយជនពាក់ព័ន្ធសំខាន់ៗទាំង១៨នាក់ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងត្រួតពិនិត្យ និងពុំទាន់បានរាយការណ៍លទ្ធផល ដោយសារចង់លាក់បាំងព័ត៌មាន ឬភស្តុតាងផ្សេងៗដែលមានប្រយោជន៍សម្រាប់រឿងក្តី ។

ចំណែកការចាប់ខ្លួនក្រុមពាក់ព័ន្ធផ្សេងទៀត គឺស្ថិតក្នុងការស៊ើបអង្កេត និងប្រមូលភស្តុតាង-សាក្សី ហើយការពាក់ព័ន្ធនឹង១១ទីតាំង ដែលសមត្ថកិច្ចបានចុះត្រួតពិនិត្យនោះ គឺអាស្រ័យលើភស្តុតាង ។ បើរកឃើញភស្តុតាងច្បាស់លាស់ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់បន្តទៀត ។.png)
រីឯករណីមហាជនសង្ស័យថា លោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន (ហៅថៅកែ ផុន) នាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP ពុំមែនជាជនជាតិថៃ ដោយសារលេខអត្តសញ្ញាប័ណ្ណរបស់លោកចាប់ផ្តើមដោយលេខ៥ គឺសមត្ថកិច្ចបញ្ជាក់ថា លោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន បានចុះឈ្មោះក្នុងសៀវភៅគ្រួសារក្រោយគេ ហើយលោកពុំមែនជាជនបរទេសទេ ។ ទោះយ៉ាងណា សមត្ថកិច្ចនឹងស៊ើបអង្កេតករណីនេះបន្ថែមទៀតថា តើលោកជាជនជាតិថៃ ឬជនបរទេស ។
ជំហ៊ានដំបូង សមត្ថកិច្ចបានរឹបអូសយកអចលនទ្រព្យ, រថយន្ត និងទ្រព្យសម្បត្តិផ្សេងៗរបស់ក្រុមជនពាក់ព័ន្ធសំខាន់ៗជាមួយក្រុមហ៊ុន The iCON GROUP ទាំង១៨នាក់ បានចំនួនជាង៤០០លានបាត ។ ដោយឡែក មានពាក្យចចាមអារ៉ាមថា ក្រុមជនជាប់ចោទបានប្តូរប្រាក់របស់ពួកគេទៅជាប្រាក់ឌីជីថលនោះ ករណីនេះសមត្ថកិច្ចបានសាកសួរផ្ទាល់មាត់ និងស៊ើបអង្កេតរួចហើយ ។
ប៉ុន្តែសមត្ថកិច្ចសូមសំណូមពរទៅកាន់បុគ្គលល្បីៗ ឬ Influencer នានា គួរតែពិនិត្យឱ្យបានច្បាស់លាស់ មុននឹងនិយាយរឿងនេះផ្សព្វផ្សាយជាសាធារណៈ ពីព្រោះវានឹងធ្វើឱ្យពលរដ្ឋវាយតម្លៃថា ហេតុអ្វីសមត្ថកិច្ចគ្មានចំណាត់ការ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតរឿងនេះ និងប្រកាសលទ្ធផលនាពេលឆាប់ៗ ប៉ុន្តែបើជនណាម្នាក់ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាសាធារណៈ ជននោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕










