គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានជូនដំណឹងស្តីពីការរៀបចំនូវព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងរយៈពេល៣ថ្ងៃនេះ នឹងមានការរៀបចំកម្មវិធីខុសៗគ្នា ដោយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នឹងមានការរៀបចំធ្វើពិធីសាសនាទៅតាមព្រះរាជប្បវេណី នៅក្នុងព្រះបរមរាជវាំង។
ចំណែកនៅថ្ងៃទី២៩ មានរៀបចំព្រះរាជពិធីថ្វាយព្រះពរ នៅក្នុងព្រះបរមរាជវាំង។ សម្រាប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក ចាប់ផ្តើមមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត។
នៅក្នុងឱកាសនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងអុជកាំជ្រួចរយៈពេលបីយប់ជាប់ៗគ្នា ចាប់ពីម៉ោង១៩:០០នាទីយប់តទៅ។
គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជ រដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយសម្រេចយកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ក្រោយពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព៕













