ជាធម្មតាស៊ុតក្ងានមិនត្រូវបានគេយកមកបរិភោគប្រចាំថ្ងៃ ដូចជាស៊ុតមាន់ ស៊ុតទានោះទេ ព្រោះវាមានតម្លៃថ្លៃ និងមិនមែនជាអាហារពេញនិយមឡើយ។ ទោះជាយ៉ាងណាយើងសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះស្ត្រីដែលមានផ្ទៃពោះភាគច្រើនគឺគេនិយមបរិភោគស៊ុតក្ងានណាស់ ក៏ព្រោះតែវាត្រូវបានគេនិយាយថា ជំនួយដល់សុខភាពទារកក្នុងផ្ទៃ អាចធ្វើឱ្យទារកឆ្លាតទៀតផង។ ដូច្នេះហើយតើស៊ុតក្ងានពិតជាមានប្រយោជន៍ដូចគេនិយាយមែនដែរឬទេ?
យោងតាមការស្រាវជ្រាវ ស៊ុតក្ងានមានផ្ទុកកាឡូរី ២៦៦,៤ ប្រូតេអ៊ី ២០ក្រាម ជាតិខ្លាញ់ ១៩,១ ក្រាម កូឡេស្តេរ៉ូល ១២២៦,៩ មីលីក្រាម និងសូដ្យូម ១៩៨ មីលីក្រាម ក៏ដូចជាប៉ូតាស្យូម ៣០២,៤ មីលីក្រាម រួមទាំងកាបូនអ៊ីដ្រាត ១,៩ ក្រាម ហើយក៏មានផ្ទុកនូវសារធាតុជាច្រើនផ្សេងៗទៀតផងដែរ។ ដូច្នេះស៊ុតក្ងានគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះស្រ្តីមានផ្ទៃពោះ និងមនុស្សទូទៅដូចជា៖
១.ល្អសម្រាប់ស្បូន៖ ដោយសារតែ ស៊ុតក្ងានមានផ្ទុកអាស៊ីតហ្វូលិកខ្ពស់ ដែលមានប្រយោជន៍សម្រាប់សុខភាពរាងកាយរបស់យើង ដូច្នេះវាក៏ល្អចំពោះស្បូនរបស់ស្ត្រីផងដែរ។
២.ល្អសម្រាប់ការលូតលាស់ខួរក្បាល៖ ជាការពិតណាស់ការបរិភោគក្ងាន គឺវាអាចជួយដល់ការលូតលាស់ខួរក្បាល ជាពិសេសនៅពេលអ្នកមានផ្ទៃពោះ និងរយៈពេលកូនមានអាយុបីឆ្នាំដំបូង។
៣.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ៖ ស៊ុតក្ងានឆ្អិន គឺដូចគ្នាទៅនឹងស៊ុតផ្សេងទៀតអ៊ីចឹងដែរ គឺវាមានវីតាមីន និងសារធាតុរ៉ែដ៏ល្អសម្រាប់រាងកាយ ក្នុងការការពារប្រព័ន្ធភាពស៊ាំ ក៏ដូចជាចៀសវាងពីជំងឺផ្សេងៗ។
៤.ជួយកម្ចាត់មុន៖ ស៊ុតក្ងាននេះមិនត្រឹមតែមានប្រយោជន៍ដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាក៏មានប្រយោជន៍ចំពោះសម្រស់ផងដែរ ស៊ុតក្ងានអាចកាត់បន្ថយហានិភ័យនៃការកើតមុនយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាអាចថែរក្សាសុខភាពស្បែកបានល្អទៀតផង។
៥.ល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ៖ ស៊ុតក្ងានបានផ្តល់ផលប្រយោជន៍ជាច្រើន ក្នុងការថែរក្សាសុខភាពឆ្អឹង និងធ្មេញរបស់អ្នកតាមរយៈកាល់ស្យូម និងផូស្វ័រដែលមានក្នុងស៊ុតមួយនេះ៕










