លោក គ្រី ថៃពៅ ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ បានចេញមកបង្ហោះសារប្រតិកម្មនៅលើបណ្តាញសង្គមរបស់ខ្លួនបន្ទាប់ពីបានឃើញបទចម្រៀងមួយចំនួនមិនត្រឹមតែអត្ថន័យជ្រាលជ្រៅប៉ុណ្ណោះទេថែមទាំង MV ចង់ប្រហែលរឿងជប៉ុនទៅហើយ។ តារាចម្រៀងរូបនេះថាបើសិនជាល្បីដោយអសីលធម៌បែបនេះលោកសុខចិត្តអត់ចេញបទចម្រៀងមួយជីវិត។
វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៩ ខែតុលា លោក គ្រី ថៃពៅ តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសបានបង្ហោះសំណេរថា «មិនដែលទើសរឺនិយាយអ្វីនៅលើបណ្តាញសង្គមទេ ឥឡូវនេះនិយាយអារម្មណ៍មួយចុះព្រោះធុញពេក អូសTiktok ហ្វេសប៊ុកមកឃើញគេផុសបទចម្រៀងនិងMVមើលហើយខ្ពើមដល់ជាតិក្រោយ បើសិនខ្ញុំតម្រូវចេញបទរបៀបៗហ្នឹង សុខចិត្តអត់មានបទចេញម៉ាជីវិត ព្រោះកុំឱ្យ ឲក្មេងៗជំនាន់ក្រោយ ស្គាល់វប្បធម៌ឆ្កួតឡប់ អសីលធម៌អស់ហ្នឹង»។
ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ លើកឡើងទៀតថា «អត្ថន័យចម្រៀងមធ្យម ងំ MV គេហ្នឹងមង ចង់ប្រហែលរឿងជប៉ុន សុំមិនបង្ហាញឈ្មោះម្ចាស់បទទេ គ្រាន់តែធុញទ្រាន់នឹងប្រភេទបទចម្រៀង និង MV របៀបចឹងៗ។ ឱ្យតាម៉ាកៗហ្នឹងអាលាយហើយ ហើយកុំឆ្ងល់ថាក្មេងៗសម័យឥឡូវដុងម្ល៉េះ បើមិនដុងមេចកើត បើស្អីក៏មាន ស្អីក៏ឃើញដែរ មានគ្រប់បែបយ៉ាង កើតមកចេះស្រាប់មង មេត្តាបងជួយដឹកនាំសម្តែងឱ្យសមរម្យតិចទៅ កុំគិតចង់តែល្បីពេក»។
ដ្បិតតែតារាចម្រៀង គ្រី ថៃពៅ មិនបានបង្ហាញឈ្មោះឬបទចម្រៀងដែលលោកប្រតិកម្មខាងលើក្តីប៉ុន្តែអ្នកលេងបណ្តាញសង្គមសង្ស័យថាអាចជាលោក ព្រីន ដែលបានសម្តែងក្នុងបទចម្រៀង ហេណា មានចំណងជើងថា «រំភើប» ដែលបានចេញកាលពីពេលថ្មីៗនេះ ខណៈ MV បទនេះមានឈុតឆាករោលរាលស៊ីអារម្មណ៍៕