សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Meta បានប្រកាសកាត់បន្ថយបុគ្គលិកគ្រប់ផ្នែកជាបន្តបន្ទាប់ រួមទាំងបុគ្គលិកធ្វើការនៅ WhatsApp, Instagram និង Reality Labs ផងដែរ ហើយបុគ្គលិកខ្លះត្រូវបានក្រុមហ៊ុនចោទប្រកាន់ទៀតផង ។ ប៉ុន្តែគេពុំដឹងថា តើ Meta មានគម្រោងកាត់បន្ថយបុគ្គលិកសរុបចំនួនប៉ុន្មាននាក់ទេ ។
បើតាមការចុះផ្សាយរបស់ Verge គឺជាគេហទំព័រផ្នែកបច្ចេកវិទ្យានាំមុខរបស់សហរដ្ឋអាមេរិកបញ្ជាក់ថា បច្ចុប្បន្ន Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, Instagram និងបណ្តាញសង្គមជាច្រើនទៀត បានកាត់បន្ថយបុគ្គលិកគ្រប់ផ្នែកជាបន្តបន្ទាប់ ដូចជា ៖ Instagram, WhatsApp និង Reality Labs នៅ Meta ផងដែរ ។
អ្នកនាំពាក្យរបស់ Meta បាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរការងារផ្នែកខ្លះដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្ររយៈពេលវែង និងយុទ្ធសាស្ត្រទីតាំង ។ ក្រៅពីនេះ Meta នឹងបញ្ជូនបុគ្គលិកមួយចំនួនទៅធ្វើការនៅកន្លែងផ្សេង និងផ្លាស់ប្តូរតួនាទីរបស់ពួកគេ ហើយក្រុមហ៊ុននឹងប្រឹងប្រែងធ្វើការឱ្យកាន់តែខ្លាំងដើម្បីស្វែងរកឱកាសថ្មីៗឱ្យបុគ្គលិករងផលប៉ះពាល់ ។.png)
ការចុះផ្សាយរបស់គេហទំព័រ Verge ពុំបានបញ្ជាក់ច្បាស់លាស់ពីចំនួនបុគ្គលិកដែល Meta មានគម្រោងបញ្ឈប់នោះទេ គ្រាន់តែបញ្ជាក់ថា ជំហ៊ានដំបូង Meta នឹងកាត់បន្ថយបុគ្គលិកតិចតួច ។ រីឯ Meta ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការកាត់បន្ថយបុគ្គលិកជាសាធារណៈទេ ។
ដោយឡែក Financial Times លើកឡើងថា កាលពីសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២៤ Meta បានបណ្តេញបុគ្គលិកពីការងាររហូតដល់ជាង២០នាក់ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា បុគ្គលិកទាំងនេះពាក់ព័ន្ធនឹងការចាយវាយប្រាក់ក្រុមហ៊ុនខុសច្បាប់ ។ ប៉ុន្តែ Meta បានបដិសេធពុំបកស្រាយរឿងនេះ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Meta បានកាត់បន្ថយបុគ្គលិកប្រមាណ២១.០០០នាក់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការចំណាយដើមទុន ។ រីឯលោក Mark Zuckerberg ជានាយកគ្រប់គ្រង Meta បានហៅឆ្នាំ២០២៣ ថា គឺជាឆ្នាំមានប្រសិទ្ធភាព ។
ការប្រកាសកាត់បន្ថយបុគ្គលិករបស់ Meta បានធ្វើឱ្យបុគ្គលិកមួយចំនួនគ្មានការងារធ្វើ បើទោះជាក្រុមហ៊ុននេះមានប្រតិបត្តិការរឹងមាំក្តី ។ ការសម្រេចចិត្តនេះបានបង្ហាញពីការព្យាយាមរបស់ Meta ក្នុងការកាត់បន្ថយដើមទុន ស្របពេលសេដ្ឋកិច្ចប្រែប្រួល ៕.png)










