នាថ្ងៃទី៩ ដល់ថ្ងៃទិ១៧ ខែតុលា ឆ្នាំ២០២៤ គេប្រទះឃើញទាហានឈុតខ្មៅថៃជាង១០០នាក់ បានធ្វើការឈ្លានពានចូលដីខ្មែរ ដកដំណាំរបស់ពលរដ្ឋ នៅតំបន់ព្រំដែនអូរខ្លាឃ្មុំ ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ហេតុការនេះ កើតនៅតំបន់ព្រំដែនអូរខ្លាឃ្មុំ ស្រុកអូរស្មាច់ ឧត្តរមានជ័យ ដោយទាហានឈុតខ្មៅថៃបានគំរាម និងធ្វើបាប ដោយចោទការធ្វើដំណាំនេះស្ថិតនៅទឹកដីរបស់គេ។

បើតាមការចុះពិនិត្យជាក់ស្តែងផ្ទៃដីចំការប្រជាពលរដ្ឋនោះមានចំងាយពីព្រំដែនថៃប្រមាណ៤០០ទៅ៥០០ម៉ែត្រ ហើយពលរដ្ឋដែលរងគ្រោះសុទ្ធសឹងតែអះអាង ពួកគាត់បង្កបង្កើតផលនៅលើដីនេះជាង២០ឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋ បានស្នើឱ្យសម្តេចធីបតី ជួយពិនិត្យ និងដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស បើមិនដូច្នេះទេពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនតំបន់ព្រំដែនអូរខ្លាឃ្មុំ នឹងពិបាកក្នុងការរស់នៅ ខណៈទាហានឈុតខ្មៅថៃ នៅតែព្រហើយចូលមកដីខ្មែរដដែល។

គួរបញ្ជាក់ថា កាលពីខែមេសា កន្លងទៅនេះ ក៏មានទាហានឈុតខ្មៅថៃប្រមាណជា១២នាក់ បំពាក់ដោយអាវុធ បានធ្វើការដើរល្បាតចូលទៅដីខ្មែរ ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តឧត្តមានជ័យផងដែរ៕