សម្រស់ប្រាសាទប្រែរូបនារដូវវស្សា គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ប្រៀបបានដូចជាឋានសួគ៌នៅលើដីអ៊ីចឹង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនគួររំលងឡើយ។ ធម្មជាតិដ៏ស្រស់បំព្រងនេះ បច្ចុប្បន្នបានកំពុងឆក់យកបេះដូងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនានូវទិដ្ឋភាពដ៍ល្អឯកនេះ។ ប្រាសាទប្រែរូប ជាស្ថាបត្យកម្មដ៏គួរស្ញប់ស្ញែងនាសតវត្សរ៍ទី១០ សាងសង់នៅលើខឿនច្រើនជាន់ ជាមួយថ្មបាយក្រៀម និងថ្មភក់ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរជាដើម។ បើយើងពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធសំណង់នៅទីនេះ ឃើញថាមានភាពប្រទាក់ក្រឡាគ្នាល្អណាស់ប្រកបដោយបច្ចេកទេសខ្ពស់បំផុត។
ប្រាសាទប្រែរូប គឺជាប្រាសាទដ៏ល្បីល្បាញមួយក្នុងរមណីយដ្ឋានអង្គរ និងជាកន្លែងពេញនិយមមួយសម្រាប់ភ្ញៀវទេសចរគយគន់ថ្ងៃលិចនារដូវវស្សា។ ប្រាសាទប្រែរូបបច្ចុប្បន្នបានកំពុងទាក់ទាញភ្ញៀវទេសចឱ្យមកទស្សនារាប់ពាន់នាក់ ដោយសារទេសភាពស្រស់ស្អាតគ្មានពីរ ជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទ ធ្វើឱ្យពណ៌របស់ប្រាសាទប្រែជាពណ៌មាសភ្លឺចែងចាំង ជាពិសេសនៅពេលព្រឹក និងរសៀល អមដោយទឹកដក់នៅបរិវេណខាងក្រៅកំពែង បានធ្វើឱ្យភ្ញៀវទេសចរដែលមកដល់ទីនេះស្ងើចសរសើរមិនដាច់ពីមាត់អំពីសម្រសដ៏ល្អអស្ចារ្យនេះ។
ប្រាសាទប្រែរូបត្រូវបានសាងសង់តាំងពីសតវត្សទី១០ ឆ្នាំ ៩៦១ នៃគ.ស ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសជូនព្រហ្មញ្ញសាសនា។ ប្រាសាទនេះ មានប្រាង្គចំនួនប្រាំ ដែលសង់ជាទម្រង់ប្រាសាទភ្នំ ស្ថិតក្នុងខេត្តសៀមរាប។ បើយើងរាប់ពីខាងត្បូងមកខាងជើង ប្រាង្គទី១ គឺមានចម្លាក់ទាក់ទងនឹងនរសឹង្ហ ឬមនុស្សសឹង្ហ ប្រាង្គទី២ គឺព្រះឥន្ទ្រគង់លើដំរីក្បាលបី ប្រាង្គទី ៣ គឺព្រះរាមគង់លើហនុមាន។ ចំណែកប្រាង្គទី ៤ ព្រះនរាយណ៍គង់លើគ្រុឌ ហើយនៅប្រាង្គខាងជើងបង្អស់គឺប្រាង្គទី ៥ ទេពហយគ្រីវ ឬពាជីមុខ។
ហេតុនេះហើយ ប្រសិនបើភ្ញៀវទេសចរបានមកដល់ខេត្តសៀមរាបហើយ សូមកុំរំលងតំបន់ប្រាសាទប្រែរូបអី ព្រោះនៅទីនេះគឺមានទេសភាពស្រស់ស្អាតខ្លាំងបំផុត ជាពិសេសគឺក្នុងរដូវវស្សានេះតែម្តង៕
រូបភាព៖ ករុណា-Karona










