ប្រទេសជប៉ុន ៖ Google Japan បានបង្ហាញក្តារចុច (Keyboard) វាយកុំព្យូទ័រប្រភេទថ្មី ដែលមានរូបរាងប្លែកបំផុតលើពិភពលោក ដើម្បីដោះស្រាយបញ្ហាក្តារចុចនាពេលបច្ចុប្បន្ន ដែលអាចវាយអក្សរតែម្ខាង ។ ក្តារចុចប្រភេទនេះឈ្មោះ «Gboard Double-Sided» អាចឱ្យអ្នកប្រើប្រាស់វាយអក្សរបានទាំងសងខាង, វាយអក្សរច្រើននាក់ក្នុងពេលតែមួយ និងអាចបត់ចុះ-ឡើងបាន ។
ក្តារចុចកុំព្យូទ័រប្រភេទ Gboard Double-Sided អាចប្រើប្រាស់បានជាច្រើនមុខងារ ហើយត្រូវបានគេចាត់ទុកថា វាជាក្តារចុចកុំព្យូទ័រប្រភេទ ៣៦០ដឺក្រេ ។ ប៊ូតុងនីមួយៗរបស់វាអាចប្រើប្រាស់បានជាច្រើនមុខងារ ដូចជា ៖ ប្រើប្រាស់ក្នុងការងារការិយាល័យ រហូតដល់ការងារផ្នែកលំហអវកាស ។
ក្តារចុចនេះមានប៊ូតុងចុចសរុបចំនួន២០៨ប៊ូតុង ហើយអ្នកប្រើប្រាស់អាចបត់វាចុះ-ឡើងបានដូចក្រដាស Mobius ដែរ ។ លើសពីនេះ ប៊ូតុងចុចទាំងអស់មានពន្លឺភ្លើងតភ្ជាប់គ្នា ហើយវាមានទម្ងន់ស្រាល ។ ប្រសិនបើក្តារចុចកុំព្យូទ័រប្រភេទ Gboard Double-Sided បានដាក់លក់ក្នុងទីផ្សារ នឹងមានអតិថិជនជាច្រើននាក់ចាប់អារម្មណ៍ចង់ប្រើប្រាស់ ។
វាសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ Front-end យ៉ាងខ្លាំង ដោយសារវាអាចបង្កើតប្រសិទ្ធភាពក្នុងការបង្កើត Spreadsheet ព្រមទាំងងាយស្រួលដាក់តាមខ្លួន ។ យើងអាចប្រើប្រាស់វាជាមួយមិត្តរួមការងារក្នុងក្រុមហ៊ុនបាន, អាចប្រើប្រាស់លើអវកាស, សម្រាប់តុបតែងលំនៅឋាន ហើយនៅថ្ងៃអនាគត វានឹងកាន់តែទំនើបជាងនេះ ។
ក្តារចុច Gboard Double-Sided អាចឱ្យមនុស្សប្រើប្រាស់បានច្រើននាក់ក្នុងពេលតែមួយ ហើយវាស័ក្តិសមសម្រាប់អ្នកធ្វើការងារជាក្រុម ពីព្រោះគេអាចប្រើប្រាស់បានគ្រប់ជ្រុងទាំងអស់ ។ ក្រៅពីវាមានតួនាទីសម្រាប់វាយអក្សរហើយ ក្រុមហ៊ុនផលិតបញ្ជាក់ថា គេអាចប្រើប្រាស់ក្តារចុចក្នុងផ្នែកផ្សេងៗ ដូចជា ៖ សម្រាប់តភ្ជាប់ជាមួយពិភពលោកនាថ្ងៃអនាគត និងយកទៅតុបតែងទ្វារក្នុងពិធីបុណ្យគ្រិស្តម៉ាស់ ។
ប៉ុន្តែក្តារចុចនេះពុំបានដាក់លក់ជាសាធារណៈទេ គឺវាគ្រាន់តែជាក្តារចុចប្លែកៗដែលក្រុមហ៊ុនជប៉ុនយកមកបង្ហាញអ្នកប្រើប្រាស់ជារៀងរាល់ឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែបើអ្នកណាចាប់អារម្មណ៍ចង់សាកល្បងកែច្នៃវាដោយខ្លួនឯង Google បានបង្ហាញពីប្រភព Gboard Double-Sided Version នេះនៅលើ GitHub ដែលជាគេហទំព័រចែករំលែកព័ត៌មានរបស់អ្នកអភិវឌ្ឍន៍កម្មវិធី ៕










