ប្រទេសស៊ុយអែត ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសស៊ុយអ៊ែតបានសាកល្បងប្រើប្រាស់សាឡាងអគ្គិសនីបើកបរដោយស្វ័យប្រវត្តិ ឬអាចបញ្ជាការបើកបរពីលើគោក សម្រាប់ដឹកអ្នកដំណើរឆ្លងទន្លេនៅទីក្រុង Stockholm ។ នេះជាជម្រើសការធ្វើដំណើរដ៏ល្អមួយ ដែលអាចជួយកាត់បន្ថយការបំពុលបរិស្ថានមួយបានកម្រិតធំ ។
វាធ្វើឱ្យ Stockholm ក្លាយជាទីក្រុងដំបូងគេនៅលើពិភពលោក ដែលបានប្រើប្រាស់បច្ចេកវិទ្យាសាឡាងបើកបរដោយស្វ័យប្រវត្តិសម្រាប់ផ្តល់សេវាកម្មដល់ពលរដ្ឋ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានផលិតរថយន្តអគ្គិសនីប្រកួតប្រជែងគ្នានៅលើទីផ្សារ ។
.png)
សាឡាងអគ្គិសនីមានឈ្មោះថា «MF Estelle» មានថ្មទំហំ១៨៨គីឡូវ៉ាត់ម៉ោង ដែលអាចប្រើប្រាស់បានរយៈពេលយូរបំផុតចំនួន១៥ម៉ោងក្នុង១ថ្ងៃ និងបើកបរក្នុងល្បឿន១២គីឡូម៉ែត្រក្នុង១ម៉ោង ។ សាឡាងអគ្គិសនីមានប្រវែងសរុប១២ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរ ព្រមទាំងបុគ្គលិកសាឡាង ប្រមាណ២៥នាក់ ដោយសាឡាងពុំត្រូវការអ្នកបើកបរទេ ។ ប៉ុន្តែត្រូវមានភ្នាក់ងារមើលការខុសត្រូវ, រៀបចំសណ្តាប់ធ្នាប់ក្នុងសាឡាង និងគ្រប់គ្រងសាឡាងករណីកើតហេតុការណ៍អាសន្ន ។
ការដឹកអ្នកដំណើរឆ្លងទន្លេ គឺស្ថិតនៅក្រោមការបញ្ជាប្រព័ន្ធបើកបរពីបន្ទប់គ្រប់គ្រងនៅលើគោក ដោយប្រើប្រាស់បច្ចេកវិទ្យាបើកបរសាឡាងដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុនស៊ីប៉ាស់ ។ ក្រៅពីនេះ ក៏មានកាមេរ៉ាថតការបើកបរនៅជុំវិញសាឡាង ៣៦០ដឺក្រេ ដើម្បីឱ្យអ្នកបញ្ជាការបើកបរអាចត្រួតពិនិត្យសុវត្ថិភាពគ្រប់ពេលវេលា ។.png)
ក្រុមហ៊ុនស៊ីប៉ាស់បានសាកល្បងប្រើប្រាស់សាឡាងអគ្គិសនីដឹកអ្នកដំណើរជាក់ស្តែងរវាងតំបន់ខុមហូលម៉េន និងតំបន់សូលឌឺ បេឡាសត្រេន នៅទីក្រុង Stockholm ។ បច្ចុប្បន្ន មានប្រទេសជាច្រើនចាប់អារម្មណ៍ចង់ប្រើប្រាស់សាឡាងអគ្គិសនី ជាពិសេស ប្រទេសស្ថិតនៅជាប់មាត់ទន្លេ ដោយសារការប្រើប្រាស់ពុំប៉ះពាល់បរិស្ថាន និងចំណាយដើមទុនតិច ។
ចំណែកអ្នកជំនាញលើកឡើងថា សាឡាងអគ្គិសនីនឹងជួយឱ្យពលរដ្ឋស៊ុយអែតងាកមកធ្វើដំណើរតាមសាឡាងកាន់តែច្រើន ដោយសារវាពុំប៉ះពាល់បរិស្ថាន ។ ក្រុមហ៊ុនគួរតែបង្កើនចំនួនសាឡាងបន្ថែមទៀតដើម្បីផ្តល់សេវាកម្មដឹកអ្នកដំណើរនៅទីក្រុង Stockholm និងទីក្រុងផ្សេងៗនៅទូទាំងពិភពលោក នាថ្ងៃអនាគត ៕










