នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ អតីតអភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបាននាំខ្លួនពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញ  ដើម្បីបើកសវនាការជម្រះទោសជាសាធារណៈ។

អតីតអភិបាលក្រុងកែបរូបនេះ រងការចោទប្រកាន់ថាបានរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ក្រោយការឃុំខ្លួនរយៈពេល ១០ខែ រួចមក មកទល់ពេលនេះ លោក ខេង យ័ន បានសារភាពទទួលកំហុស និងសំណូមពរសុំឱ្យតុលាការបន្ធូបន្ថយទោស។ តែយ៉ាងណាមិញ តុលាការមិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីប្រកាសសាលក្រមនោះទេ។

គួរបញ្ជាក់ផងដែរថា លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅក្នុងគេហដ្ឋាន រួចបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៕