ប្រទេសថៃ ៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំប្រទេសថៃបានលើកឡើងពីស្ថានការណ៍នាំចូលផ្លែមៀននៅអាល្លឺម៉ង់ថា អាល្លឺម៉ង់ត្រូវនាំចូលផ្លែមៀនពីបណ្តាប្រទេសអាស៊ី ដូចជា ៖ ថៃ, វៀតណាម និងចិន ។ កាលពីឆ្នាំ២០២២ ថៃជាប្រទេសដាំដុះ និងនាំចេញផ្លែមៀនយ៉ាងច្រើនទីកាន់ទីផ្សារពិភពលោក ហើយអាល្លឺម៉ង់ គឺជាទីផ្សារសំខាន់បំផុតរបស់ថៃនៅតំបន់អឺរ៉ុប ។
បច្ចុប្បន្ន ក្រុមហ៊ុននាំចេញផ្លែមៀនថៃបានប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយប្រទេសវៀតណាម ដែលវៀតណាមបានបង្កើនដាំដុះ និងនាំចេញផ្លែមៀនយ៉ាងច្រើនទៅក្រៅប្រទេស ។ ម្យ៉ាងទៀត រយៈពេលប្រមូលផលផ្លែមៀនរបស់វៀតណាម គឺយូរជាងថៃ ទើបធ្វើឱ្យវៀតណាមអាចនាំចេញផ្លែមៀនទៅក្រៅប្រទេស ក្នុងអំឡុងពេលថៃផុតរដូវកាលប្រមូលផល ។ ហេតុនេះ ក្រុមហ៊ុននាំចេញផ្លែមៀនវៀតណាមមានប្រៀបជាង ពីព្រោះអាចបំពេញតម្រូវការក្នុងទីផ្សារសំខាន់ៗរយៈពេលយូរ ។
ប៉ុន្តែប្រទេសអាល្លឺម៉ង់បាននាំចូលផ្លែមៀនតិចជាងមុន ដោយសារតម្រូវការរបស់អតិថិជនធ្លាក់ចុះ គឺអតិថិជនអាល្លឺម៉ង់ផ្តល់ភាពសំខាន់យ៉ាងខ្លាំងក្នុងការសន្សំសំចៃប្រាក់នាពេលបច្ចុប្បន្ន ។ ក្រៅពីកត្តាទីផ្សារ បញ្ហាផ្សេងទៀតក៏បានធ្វើឱ្យការនាំចូលផ្លែមៀនរយៈពេលជាច្រើនឆ្នាំរបស់អាល្លឺម៉ង់ធ្លាក់ចុះផងដែរ ដូចជា ៖ គោលនយោបាយពាណិជ្ជកម្ម និងការផ្គត់ផ្គង់ផ្លែឈើក្នុងស្រុក ។
ដូច្នេះ គេអាចសន្និដ្ឋានថា ការនាំចូលផ្លែមៀនរបស់អាល្លឺម៉ង់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានធ្លាក់ចុះទាំងបរិមាណ និងតម្លៃ ។ វាពាក់ព័ន្ធនឹងកត្តាសេដ្ឋកិច្ច ដូចជា ៖ តម្រូវការធ្លាក់ចុះ, ការចំណាយដើមទុនកើនឡើង និងការផ្លាស់ប្តូរទីផ្សារធ្វើឱ្យប៉ះពាល់ដល់ការនាំចូលផ្លែមៀនស្រស់ ។
កាលពីឆ្នាំ២០២១ អាល្លឺម៉ង់បាននាំចូលផ្លែមៀនច្រើនបំផុត ដោយសារតម្រូវការកើនឡើង និងលក្ខខណ្ឌទីផ្សារអំណោយផល ។ ប៉ុន្តែរយៈពេលក្រោយមក ការនាំចូលផ្លែមៀនរបស់អាល្លឺម៉ង់បានធ្លាក់ចុះ ដែលបង្ហាញពីការផ្លាស់ប្តូរទីផ្សារ ដូចជា ៖ អាល្លឺម៉ង់នាំចូលផ្លែឈើផ្សេងទៀត, អតិថិជនអាល្លឺម៉ង់ទិញផ្លែមៀនតិចជាងមុន និងបញ្ហាប្រឈមសេដ្ឋកិច្ច ។
បរិមាណ និងតម្លៃនាំចូលផ្លែមៀនធ្លាក់ចុះបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ការផ្អាកការផ្គត់ផ្គង់ និងបញ្ហាក្នុងពេលដឹកជញ្ជូន ទើបធ្វើឱ្យប៉ះពាល់ដល់ការចំណាយដើមទុន និងការនាំចូលផ្លែមៀនរបស់អាល្លឺម៉ង់ ។ លើសនេះ អតិថិជនអាល្លឺម៉ង់ទិញផ្លែមៀនតិច និងតម្រូវការផ្លែឈើផ្សេងៗខ្ពស់ជាងមុនអាចធ្វើឱ្យការនាំចូលផ្លែមៀនស្រស់របស់អាល្លឺម៉ង់ធ្លាក់ចុះ ។
ក្រៅពីនេះ ផ្លែមៀនឆាប់ស្អុយខូចគុណភាព ទើបធ្វើឱ្យពិបាកលក់ផ្លែមៀនស្រស់នៅអាល្លឺម៉ង់ ហើយផ្លែមៀនភាគច្រើនត្រូវបានដាក់លក់ក្នុងហាងលក់ទំនិញអាស៊ី និងផ្សារទំនើបធំៗ ។ បច្ចុប្បន្ន អាល្លឺម៉ង់បានលក់ផ្លែមៀនតាមអនឡាញ ហើយអ្នកលក់ផ្លែមៀនភាគច្រើន គឺជាពលរដ្ឋអាស៊ីរស់នៅអាល្លឺម៉ង់ រួមមាន ៖ វៀតណាម, ចិន និងថៃ ៕










